ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្រវឹង​ស្រាជោកជាំ ​ចុះ​ស្រង់​ចក​ក្នុង​ស្រះទឹកបណ្ដាល​ឲ្យលង់​ស្លាប់​បុរស​ម្នាក់

127

 


កណ្ដាល៖ បុរស​ម្នាក់​ទៅស្រង់​ចក​ក្នុងស្រះ​ទឹក ​ស្ថិតក្នុង​ស្ថាតភាព​ស្រវឹងស្រា​ជោក បណ្ដាលឲ្យ​លង់ស្លាប់​កាលពីវេលា​ម៉ោង១៥និង៤០នាទី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច​ស្រះទឹក​ ក្នុងវត្ត​ម៉ែបាន ​ស្ថិតក្នុងភូមិ​មេបាន់ ​ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ បានឲ្យ​ដឹងថា ​ជនរង​គ្រោះលង់​ទឹកស្លាប់​មានឈ្មោះ រុន ឌីណា​ អាយុ៣០ឆ្នាំ ​មានទីលំនៅ​ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ កន្លងមក​ ជនរងគ្រោះតែង​តែផឹកស្រាស្រវឹង ​រៀងរាល់​ថ្ងៃ ហើយ​រយៈពេល​កន្លះខែមក​ហើយដែល​ជនរងគ្រោះ បា​នមកជួយ​ស្រង់ចក ​ពីក្នុងស្រះសីមា​នៅវត្តម៉ែបាន ។ លុះមកដល់​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១​និង៣០នាទី ជនរងគ្រោះបាន​ផឹកស្រាស្រវឹង​យ៉ាងខ្លាំង ជិះម៉ូតូ​ចេញពីផ្ទះមក​ស្រង់ចក​សំអាត​ចេញពីក្នុង​ស្រះដូចរាល់ថ្ងៃ ឃើញដូច​នោះប្រពន្ធបាន​ឃាត់ជនរង​គ្រោះជាប្តី​កុំឲ្យទៅ តែជន​រងគ្រោះមិន​ស្តាប់ប្រពន្ធ​នោះទេ រួចក៏ជិះម៉ូតូ​ចេញពីផ្ទះ​សំដៅទៅវត្ត​បាត់ទៅ ។ លុះមក​ដល់វេលាម៉ោង​ប្រមាណ១២​ថ្ងៃត្រង់ ​ឈ្មោះ អ៊ុំ គន្ធា ជាជាងគំនូរ​នៅវត្តម៉ែបាន ​បានក្រឡេក​មើលទៅ​ស្រះមិនឃើញ​ជនរងគ្រោះ​ ឃើញតែម៉ូតូ​ស្បែកជើង​ មួក​ខោអាវ ​សង្ស័យ​ជនរងគ្រោះ​លង់ទឹក ​ក៏បានទៅ​ប្រាប់ឈ្មោះ កើ មុំ ជាប្រពន្ធ​ជនរងគ្រោះ​ ភ្លាមនោះប្រពន្ធ រួមជា​មួយឈ្មោះ ងួន សេង ឈ្មោះ ស៊ុំ សារុន ត្រូវជា​ឪពុកជនរងគ្រោះ និង​ព្រះសង្ឃ​បានចុះ​ទៅក្នុងស្រះ ​ជួយរាវរក​ជនរងគ្រោះ ​រហូតដល់​ម៉ោង​១៥និង​៤០នាទី ​ទើបឈ្មោះ ងួន សេង រាវរកសាក​សពជនរងគ្រោះ​ឃើញនៅ​ចម្ងាយពី​មាត់ស្រះ​៣ម៉ែត្រ​ ជម្រៅទឹកប្រហែល​១,៨០ម៉ែត្រ​ រួចបាន​ស្រង់សព មក​លើគោក​ និងរាយការណ៍​ជូនសមត្ថកិច្ច​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ស៊ីធរ។ ​ក្រោយមកសមត្ថកិច្ច​នគរបាល ផ្នែក​ពិនិត្យហេតុ ​បានសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុម​គ្រួសារសព​ បានធ្វើការ​ពិនិត្យសាកសព​ រួចបញ្ជាក់ថា​ ជនរងគ្រោះពិត​ជាស្លាប់ដោយសារ​លង់ទឹក​ប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង