អនុប្រធានសាខាម្នាក់ ចងកសម្លាប់ដើម្បីសងប្រាក់ទៅក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ ព្រោះខ្លួនលួចយកលុយរបស់អតិថិជន ចាយអស់
សៀមរាប៖ បុរសម្នាក់មានតួនាទីជាអនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ ប្រចាំខេត្តសៀមរាប បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយបន្សល់ទុកសំបុត្រមួយច្បាប់។ បើតាមន័យខ្លឹមសារក្នុងសំបុត្រនោះ បានបញ្ជាក់ថា ការដែលបុរសនោះ ចងក ដោយសារតែគ្មានលទ្ធភាពសងលុយ ទៅក្រុមហ៊ុនវិញ ព្រោះខ្លួនយកលុយក្រុមហ៊ុនដែលប្រមូលបានពីអតិថិជន ស៊ីចាយអស់ ហើយបញ្ជាក់ថា ការចងកនោះ ដើម្បីសងប្រាក់ឲ្យក្រុមហ៊ុនវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ 7 ព្រឹកថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2020 នៅចំណុចក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជាកាមិនកូ ស្ថិតក្នុងក្រុម 1 ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីអនុប្រធានសាខាក្រុមហ៊ុនកាមិនកូនេះ មុនស្លាប់ បានសរសេរសំបុត្រមួយច្បាប់ ដោយរៀបរាប់សុំទោស និងទទួលកំហុសចំពោះក្រុមហ៊ុន។ អនុប្រធានរូបនោះ ឈ្មោះកែវ ចំណាន អាយុ 40 ឆ្នាំ មានតួនាទីជាអនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ សាខាខេត្តសៀមរាប និងមានស្រុកកំណើតនៅខេត្តព្រៃវែង ក្នុងនោះបុរសអត្តឃាតជននេះ ក៏បានរៀបរាប់ឲ្យសាច់ញាតិ យកសពខ្លួន ទៅបូជានៅឯស្រុកកំណើត។
ខ្លឹមសារបណ្ដាំនិងសេចក្តីសុំទោស ក្នុងសំបុត្រនោះ បានលើកឡើងថា ខ្ញុំបាទមានកំហុសក្នុងការអនុវត្តការងារ របស់ក្រុមហ៊ុន និងមិនមានសុចរិតភាព ដោយយកថវិកាដែលប្រមូលបានពីអតិថិជន មកប្រើប្រាស់សម្រាប់ការសប្បាយខ្លួនឯង ហេតុដូច្នេះមិនមានអតិថិជនជំពាក់លុយក្រុមហ៊ុននោះទេ គឺខ្ញុំបាទទេ យកវាមកអស់ហើយ និងស៊ីចាយអស់។ អនុប្រធានរូបនោះ ក៏បានបញ្ជាក់ទៅក្រុមហ៊ុនទៀតថា សូមថ្នាក់ដឹកនាំទាំងអស់ អភ័យទោសឲ្យខ្ញុំបានផង ខ្ញុំដឹងកំហុស ហេតុនេះជីវិតខ្ញុំសងនឹងការប្រព្រឹត្តដ៏អាក្រក់មួយនេះ៕