ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចស ខេង ថ្លែងកោតសរសើរថ្នាក់ដឹកនាំរាជធានីភ្នំពេញធ្វើឱ្យរាជធានីសម្រេចបាន,សមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

83

 

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានរាជធានី ព្រមទាំងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានរួមគ្នាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឱ្យរាជធានីភ្នំពេញសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជំរុញការបែងចែកផលនៃកំណើនសេដ្ឋកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៧កុម្ភះនៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលសម្តេចនិងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ពាក់ព័ន្ធនឹងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដល់មតិណែនាំមួយចំនួនជូនអង្គសន្និបាត ក្នុងនោះរួមមាន ការការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដោយត្រូវបន្តរួមគ្មាទប់ស្កាត់ការប៉ុនប៉ងបង្កឱ្យមានអំពើហិង្សា និងភាពវឹកវរក្នុងសង្គមពីក្រុមប្រឆាំងក្រៅច្បាប់ តាមរយៈការអប់រំប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចៀសផុតពីសកម្មភាពខុសច្បាប់ និងត្រូវដោះស្រាយការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ចៀវវាងការប្រើប្រាស់អំពើហិង្សាលើពួកគាត់។
សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបង្កើនវិធានការរក្សាការពារសុវត្ថិភាពតាមគោលដៅនយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅរាជធានីភ្នំពេញឱ្យបានល្អ ពិសេសនៅឆ្នាំនេះដែលរាជរដ្ឋាភិបាលទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងត្រូវបន្តចលនាការចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង លួចឆក់ប្លន់ និងអំពើហិង្សា ព្រមទាំងត្រូវពង្រឹងសមត្ថភាព និងទំនាក់ទំនងរវាងមន្ត្រី និងប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានេះ។ សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខណ្ឌត្រូវរៀបចំកែសម្រួលរបៀបរបធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
ក្រៅពីនេះ សម្ដេចឧបនាយករដ្ឋមន្រ្តី បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការរៀបចំប្រព័ន្ធពន្លត់អគ្គីភ័យដំណាក់កាលបឋមឱ្យបានល្អ នៅគ្រប់ទីកន្លែង ពិសេសត្រូវគិតគូរ និងរកវិធានការជាមុន សម្រាប់តំបន់មិនរៀបរយ និងមានផ្លូវតូចចង្អៀតដែលរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅដល់ ហើយសម្រាប់អគារខ្ពស់ៗដែលកំពុងលេចឡើងច្រើននៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីត្រូវពង្រឹងការកំណត់ឱ្យបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យនេះឱ្យបានជាដាច់ខាត ដ្បិតបច្ចុប្បន្ននេះយើងមានរថយន្តពន្លត់អគ្គីភ័យសម្រាប់អគារខ្ពស់ៗតែ២គ្រឿងប៉ុណ្ណោះ ខណៈមួយគ្រឿងទៀតអាចនឹងមកដល់ឆាប់ៗនេះ។
នៅក្នុងឱកាសនោះដែរ សម្ដេចបានណែនាំឱ្យថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ ដូចជាផ្លូវ និងប្រព័ន្ធប្រឡាយជាដើម ត្រូវធានាការពារបរិស្ថានឱ្យបានល្អ ជំរុញការទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការបង្កើនអនាម័យគ្រប់ទីកន្លែង គ្រប់គ្រងចាត់ចែងប្រមូលសំរាមឱ្យបានទាន់ពេលវេលា បង្កើនការដាំដើមឈើ និងសួនច្បារសាធារណៈ លើកទឹកចិត្តការបង្កើតតំបន់ទេសចរណ៍កែច្នៃ និងត្រូវរៀបចំប្លង់នគរូបនីយកម្មឱ្យបានត្រឹមត្រូវ ពិសេសការផ្ដល់សិទ្ធិសាងសង់សំណង់អគារផ្សេងៗដោយផ្ដោតលើការរៀបចំប្រព័ន្ធរំដោះទឹក និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដូចជាសង្គមស៊ិវិល និងរាជធានី ឬក្រុងសម្ព័ន្ធមេត្រីភាព ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។
សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍គូសបញ្ជាក់អំពីការប្រព្រឹត្តទៅនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងស្រុកខណ្ឌដែលទើបតែដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។ ក្នុងនោះសម្ដេចបានណែនាំក្រុមប្រឹក្សា និងរដ្ឋបាលរាជធានី ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តចូលរួមផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងឱ្យរដ្ឋបាលខណ្ឌកាន់តែមានលទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាលោក លោកស្រី អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២០ ដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជននៃរាជធានីភ្នំពេញទាំងមូល៕

     

អត្ថបទដែលជាប់ទាក់ទង