ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប សម្រេចស្នើទៅក្រសួងយុត្តិធម៌ និងក្រសួងមួយចំនួន ដើម្បីចាត់ការផ្លូវច្បាប់ និងស្នើឱ្យបិទហ្វេសប៊ុករបស់លោក ជូង ជូងី

116

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ញើលិខិតទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ រួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចាត់ការណ៍តាមផ្លូវច្បាប់លើលោក ជូង ជូងី ជាមេធាវីរបស់អតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធករណីបង្ហោះវីដេអូ អំពាវនាវពលរដ្ឋកុំឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់គ.ជ.ប នៅថ្ងៃទៅ២៦ ខែកក្កដានេះ។

តាមសេចក្តីប្រកាសបានឱ្យដឹងថា គ.ជ.ប ក៏នឹងស្នើឱ្យបិទបណ្តាញសង្គម Facebook របស់បុគ្គលនេះផងដែរ ហើយមិនតែប៉ុណ្ណោះ គ.ជ.ប ក៏នឹងស្នើឱ្យប្រធានគណៈមេធាវី ពិនិត្យមើលក្រមសីលធម៌វិជ្ជាជីវៈមេធាវី ចំពោះលោក ជួង ជូងី ផងដែរ។

សូមជម្រាថា កាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ លោក ជូង ជូងី ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើទៅ គ.ជ.ប ចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ការអំពាវនាវនេះ ធ្វើឡើងក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិ បានធ្វើការអំពាវនាវ​ប្រជាពលរដ្ឋឱ្យធ្វើពហិការ មិនទៅចូលរួមការបោះឆ្នោត និងការ​បំផុសជាបន្តបន្ទាប់អំពីយុទ្ធនាការម្រាមដៃស្អាត ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា។

យោងតាមមាត្រា​៣៤ នៃរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «​ប្រជាពលរដ្ឋ​ខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។ មាត្រា​​១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី​៥០០០០០០​រៀល ទៅ​២០០០០០០០ រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត​៖ ​រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង