យោធាម្នាក់ត្រូវរន្ទះបាញ់ស្លាប់ និងផ្ទះប្រជាពលរដ្ឋ៧ខ្នង រងផលប៉ះពាល់ពីខ្យល់កន្ត្រាក់
តាកែវ ៖ ភ្លៀងកក់ខែមួយមេលាយឡំមកជាមួយនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង រងការខូចខាតយ៉ាងដំណំ និងមានរន្ទះបាញ់ស្លាប់ទាហាន នៅស្រុកត្រាំកក់។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ កើតឡើងនៅថ្ងៃ៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទីរសៀល នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមការឲ្យដឹងពីលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ នៅវេលាថ្ងៃកើតហេតុ មានភ្លៀងរលឹមកក់ខែមួយមេ ស្របជាមួយគ្នានោះ ក៏មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងប្រមាណជាង១ម៉ោង។
លោកអភិបាលរងបន្តថា ក្រោយពេលរាំងភ្លៀងក៏មានសេចក្តីរាយការណ៍ ពីឃុំខាងលើថា មានផ្ទះរបស់ប្រជាពលរដ្ឋត្រូវខ្យល់កន្ត្រាក់ បោកបក់រងការខូចខាត ទើបខាងអាជ្ញាធរស្រុកបានទៅពិនិត្យជាក់ស្តែងឃើញថា ហេតុការណ៍នេះ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៧គ្រួសារមាន៖ ១.ឈ្មោះ ចាន់ ភាព ភេទស្រី ប៉ើងដំបូល។ ២.ឈ្មោះ ហែម នឹម បាក់យ៉ាបមុខផ្ទះ។ ៣.ឈ្មោះ ជុំ លន់ ប៉ើងដំបូលនិងបាក់យ៉ាបមុខផ្ទះ។ ៤.ឈ្មោះ ខាត់ ដុយ ភេទប្រុស អាយុ៥២ឆ្នាំ ផ្ទះទំហំ ៥គុណ៦ ជញ្ជាំងឈើប្រក់ក្បឿង រលំទាំងស្រុង។ ក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ ៥.ឈ្មោះ រោង ខេម ប្រុស អាយុ៣៧ឆ្នាំ ប៉ើងដំបូល។
៦.ឈ្មោះ ពេជ្រ សាវ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ប៉ើងដំបូល។ ៧.ឈ្មោះ ឈិ សារ៉េម ភេទស្រី ខ្យល់បក់បោក ខូចខាត សម្ភារៈក្នុងផ្ទះ។
ដោយឡែករសៀលថ្ងៃដដែល នៅវេលាម៉ោង១៤និង៣០នាទីរសៀល មានករណីរន្ទះបាញ់១ករណី ក្នុងវរៈសេនាតូចលេខ៣១៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ បណ្តាលឲ្យស្លាប់លោកអនុសេនីយ៍ទោ អ៊ុត ផល្លា មេបញ្ជាការរងកងអនុសេនាធំលេខ១០ នៃវរៈសេនាតូច លេខ១១៤ កងពលតូចថ្មើរជើងលេខ១១។ ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ពេលភ្លៀងកំពុងធ្លាក់ជនរងគ្រោះ បានទៅអូសម៉ូតូចូលក្នុងបន្ទប់ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
លោកអភិបាលរងស្រុកត្រាំកក់ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះមួយរយៈពេលនេះ ឲ្យតែមានភ្លៀងធ្លាក់មកគឺតែងតែមានផ្គររន្ទះ និងខ្យល់ព្យុះបោកបក់មកមិនខានឡើយ ដូច្នេះចូលមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕