កសាងទំនប់បង្ហៀរទឹកនៅព្រែកកំពង់បាយ
ភ្នំពេញ៖ ក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិន ហើយបច្ចុប្បន្ន ដៃគូទាំងពីរបានក្លាយជាមិត្តដែកថែបជាប្រវត្តិសាស្ត្រ តាមរយៈការរិតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ធ្វើឲ្យការអនុវត្តគម្រាងអភិវឌ្ឍន៍នានា រវាងកម្ពុជា-ចិន ត្រូវធ្វើឡើងជាបន្តបន្ទាប់ ។
ជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា និងកិច្ចការពារបរិស្ថាន និងសង្គម ក្រុមហ៊ុនវារីអគ្គិសនីកំចាយស៊ីណូហាយដ្រូ (Sinohydro Kamchay Hydroelectric Project Co.,LTD ) បានផ្តល់ជំនួយសាងសង់ទំនប់បង្ហៀរទឹក នៅព្រែកកំពង់បាយ ស្ថិតនៅក្នុងស្រុកទឹកឈូ តំបន់វារីអគ្គិសនីខេត្តកំពត ក្នុងទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារអាមេរិក ។
ដើម្បីអនុវត្តគម្រោងនេះបាន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្មនិងសិប្បកម្ម មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាមួយលោក Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co.,LTD ។
មានប្រសាសន៍នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងពីសារសំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន និងផលប្រយោជន៍នៃការបង្កើតទំនប់បង្ហៀរទឹកនៅស្រុកកំពង់បាយ ស្រុកទឹកឈូ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដើម្បីទាញប្រភពធុនធានទឹកពីទំនប់វារីអគ្គិសនីកំចាយខេត្តកំពត ដែលហូរធ្លាក់ចូលសមុទ្រតាមព្រែកកំពង់បាយ ប្រមាណ១.៧៧០លានម៉ែត្រត្រីគុណ (មួយពាន់ប្រាំពីររយចិតសិបលានម៉ែតត្រីគុណ) ក្នុងមួយឆ្នាំ ស្របពេលដែលតម្រូវការទាញទឹកចូលរោងចក្រផលិតទឹកស្អាតស្ថិតក្នុងសមត្ថភាពត្រឹម ៦ ម៉ឺន ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ស្មើនឹង ២២លានម៉ែត្រត្រីគុណ ក្នុងមួយឆ្នាំ ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សង្ឃឹមថា៖ ក្រុមហ៊ុន វារីអគ្គិសនីកំចាយ នឹងអនុវត្តការងារនេះ បានឆាប់រហ័ស ប្រកបដោយគុណភាព សុវត្ថភាព សម្រាប់បម្រើផលប្រយោជន៍ដល់វិស័យទឹកស្អាតខេត្តកំពត ដែលកំពុងមានតម្រូវការកើនឡើង ។
លោក Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនSinohydro Kamchay Hydroelectric Project Co.,LTD បានជម្រាបជូនពីមិត្តភាព ដែលចាត់ទុកជាសហគមន៍រួមវាសនាតែមួយ ដែលបានស្តែងចេញតាមរយៈនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ។ ដូច្នេះក្រុមហ៊ុនលោកនឹងប្តេជ្ញាចិត្តសាងសង់ទំនប់បង្ហៀរនេះឲ្យ បានរួចរាល់នាពេលខាងមុខ ដើម្បីជាប្រយោជន៍បម្រើវិស័យទឹកស្អាតនៅខេត្តកំពត ស្របតាមតម្រូវការប្រជាពលរដ្ឋនិងទស្សនវិស័យរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។
សូមបញ្ជាក់ថា៖បន្ទាប់ពីទំនប់បង្ហៀរទី១ អនុវត្តដោយក្រុមហ៊ុនវារីអគ្គិសនី Sinohydro ត្រូវបានសាងសង់រួច ការសាងសង់ទំនប់បង្ហៀរទី២ នៅផ្នែកខាងក្រោម នឹងត្រូវពិនិត្យលទ្ធភាពបន្តទៀតដែលត្រូវប្រើប្រាស់ដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព និងសក្តានុពលនៃប្រភពធុនធានទឹកដែលយើងមាន ដោយឈរលើកិច្ចការពារបរិស្ថាន និងផលប៉ះពាល់សង្គមខ្ពស់ ៕