ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហេង រតនា ៖ ទណ្ឌិត សម រង្ស៊ី លើកឡើងថា អ្នកទៅបោះឆ្នោត សុទ្ធតែជាជនគ្មានសតិគ្រប់គ្រាន់ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះព្រះមហាក្សត្រ និងប្រជាជនកម្ពុជា

105

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួនថា ​អ្នកទៅបោះឆ្នោត នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ គឺសុទ្ធតែជាជនដែលគ្មានសតិគ្រប់គ្រាន់​ នោះ ត្រូវបានលោក ហេង រតនា បានចេញប្រតិកម្មយ៉ាងខ្លាំង ហើយចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះព្រះមហាក្សត្រ ព្រះសង្ឃ និងប្រជាជនកម្ពុជា។

នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា “​អ្នកទៅបោះឆ្នោតនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ គឺសុទ្ធតែជាជនដែលគ្មានសតិគ្រប់គ្រាន់”​។ នេះជាការ​ប្រមាថដល់ព្រះមហាក្សត្រ​ ដែលព្រះអង្គបានផ្តល់ព្រះឱវាទ ដល់ប្រជានុរាស្ត្រព្រះអង្គ ទៅបោះឆ្នោតជ្រើសរើស មេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។ ជាការប្រមាថដល់ព្រះថេរាអនុថេរ:​គ្រប់អង្គ ដែលព្រះអង្គត្រូវនិមន្តទៅបោះឆ្នោត​។ ជាការប្រមាថដល់ប្រជាពលរដ្ឋ រួមមាន ចាស់ព្រឹទ្ធាចារ្យ​ លោកតាលោកយាយ​ អ៊ំ​ ពូមីង​ លោកគ្រូអ្នកគ្រូ​ ទេព្យ​ និស្សិត​ សិស្ស​ កម្មករ​កម្មការិនី​ កងកម្លាំងប្រដាប់អាវុធ​ និងយុវជនរាប់លាននាក់ ដែលត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។ តើមនុស្សមានគំនិត និងគតិនិយាយបែបនេះ​ សក្តិសមធ្វើជាដឹក​នាំប្រជារាស្ត្រខែ្មរដែរឬទេ?
គ្មានសតិគ្រប់គ្រាន់ គឺជាមនុស្សឆ្កួតមែនទេ។ រង់ចាំទទួលលទ្ធផល ជាមួយហ្វូងមហាជន រួមមាន ព្រះថេរាអនុថេរ:​ ប្រជាពលរដ្ឋខែ្មរគ្រប់ស្រទាប់​ នឹងត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩​ ខែកក្កដា​ ២០១៨​។ ជនគ្មានសតិគ្រប់គ្រាន់​ មិនអាចបោះឆ្នោតបានទេ។
ការប្រមាថ​កូនខ្មែរបែបនេះ​ នឹងនាំមកនូវការឈឺចាប់ ចំពោះបុគ្គល​និងក្រុមរបស់ខ្លួនមិនខានឡើយ”។

បើតាមផេកហ្វេសប៊ុកដែលមានឈ្មោះថា Sam Rainsy ដែលមានដាក់រូបថតលោកសម រង្ស៊ី និងលោកកឹម សុខា កាលពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៨ បានសរសេរថា “ក្នុងនាមខ្ញុជាប្រធានចលានសង្គ្រោះជាតិ ខ្ញុំសូមអំពាវនាវដល់ប្រជារាស្រ្តខ្មែរទាំងអស់ សូមរក្សាម្រាមដៃឲ្យស្អាត នៅក្នុងថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ ជនទាំងឡាយណា ដែលទៅចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺសុទ្ធតែជាជនដែលគ្មានសតិគ្រប់គ្រាន់ គឺមានន័យថាលទ្ធផលក្នុងការបោះឆ្នោត ក្នុងអាណត្តិនេះ មិនអាចយកជាផ្លូវការបានឡើយ”៕

 

អត្ថបទដែលជាប់ទាក់ទង