អ្នកសារព័ត៌មាន ពិភាក្សា ពីបញ្ហា covid-19 និងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាស្តីពី អ្នកសារព័ត៌មាន ចំពោះមុខ covid-19 និងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២០ នាភោជនីយដ្ឋានទន្លេសាបាក់២។
លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា ដោយយល់ឃើញថា បច្ចុប្បន្ននេះព័ត៌មានទាក់ទងនឹង covid -19 បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺព័ត៌មានក្លែងក្លាយ ឬមិនច្បាស់លាស់ទាក់ទងនឹង covid -19ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងបង្កការភ័យខ្លាច។ ក្នុងបរិបទបែបនេះ ក្លឹបអ្នកកាសែតកម្ពុជា យល់ឃើញថា ការបើកការពិភាក្សាក្រោមប្រធានបទដូចបានលើកឡើងខាងលើពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិត ផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ covid -19និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ។
បើតាមក្លឹបអ្នកកាសែតកម្ពុជា វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សានេះ មានមន្រ្តីមកពីក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ព្រមទាំងអ្នកជំនាញសារព័ត៌មាន ដើម្បីចែករំលែកព័ត៌មានឲ្យកាន់តែច្បាស់លាស់ ថែមទៀតអំពីការវិវឌ្ឍថ្មីៗ នៃវីរុស covid -19 , ក្រមសីលធម៌និងបញ្ហាផ្លូវច្បាប់ ព្រមទាំងការបន្សាបព័ត៌មានក្លែងក្លាយ។ នេះក៏ជាឱកាសដែលអ្នកសារព័ត៌មាន អាចលើកឡើងជាសំណួរទៅកាន់វាគ្មិនជំនាញ ដើម្បីបកស្រាយរាល់ចម្ងល់ ផ្សេងៗទាក់ទងស្ថានភាពទូទៅនៃ covid -19 ដើម្បីយកទៅផ្សព្វផ្សាយដល់សាធារណជន ឲ្យបានច្បាស់លាស់៕