ស្នងការដាក់បទបញ្ជាឲ្យអធិការខណ្ឌទាំង១៤ បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ជួញដូរគ្រឿងញៀន
ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ ស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំនៅទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀនធ្វើយ៉ាងណា ដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជា ការលួច ឆក់ ប្លន់ ។
នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៣៨ រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានធ្វើការផ្តល់ជាមតិណែនាំល្អៗជាច្រើនដល់មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។
ជាមួយនោះដែរ លោកស្នងការក៏បានសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងធ្វើការសហការគ្នាបានយ៉ាងល្អ ដែលធ្វើបទល្មើសមានការថយចុះ ១០% នៅក្នុងខែកុម្ភៈ ធៀបទៅនឹងខែមករា ឆ្នាំ ២០២០ ។ បន្ថែមពីលើនេះទៀត លោកស្នងការ បានធ្វើការសង្កត់ធ្ងន់ ដល់គ្រប់អង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចេះសាមគ្គីផ្ទៃក្នុងឲ្យបានល្អ និងរឹងមាំ ដើម្បីជាគំរូ នឹងដឹកនាំអង្គភាពឲ្យមានការរីកចម្រើន និងដំណើរការឆ្ពោះទៅមុខដោយរលូន ។
ចំណុចសំខាន់ផ្សេងៗទៀត លោកស្នងការ បានដាក់បទបញ្ជាដល់ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំនៅទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ។
មុននឹងបញ្ចប់លោកស្នងការ បានណែនាំដល់ការិយាល័យអគ្គិភ័យ ត្រូវត្រៀមជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការចេញជួយសង្គ្រោះ ប្រជាពលរដ្ឋពេលមានអគ្គិភ័យកើតឡើង ក៏ដូចជាចុះផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យមានអគ្គិភ័យកើតឡើង៕