រដ្ឋមន្ត្រីសុខាភិបាល ទៅពិនិត្យស្ថានភាពសុខភាពស្ត្រីជនជាតិអង់គ្លេស នៅកំពង់ចាម
កំពង់ចាម៖ លោករដ្ឋមន្ត្រីសុខាភិបាល ចុះទៅពិនិត្យស្ថានភាពសុខភាពស្ត្រីជនជាតិអង់គ្លេស ដែលឆ្លងវីរុស Covid-19 កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកអ្នកដំណើរនិងបុគ្គលិកលើនាវា Viking Cruise Journey ចំនួន៥៩នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះទៅពិនិត្យ ទៅលើស្ថានភាពសុខភាព លើស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានរកឃើញមានផ្ទុកវីរុស Covid-19 កំពុងសម្រាកព្យាបាលមន្ទីរពេទ្យ នៅខេត្តកំពង់ចាម។
នៅរសៀលម៉ោង១៦និង៣០នាទីនៃថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។ ក្រសួងសុខាភិបាល មិនបានបញ្ចេញអត្តសញ្ញាណស្ត្រីម្នាក់ដែលមានវីរុស Covid-19 នេះ ជាសាធារណៈនោះទេ ។ ស្រ្តីរូបនោះ បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាខាលើ ពីទីក្រុងហូជីមិញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
សំណាក់របស់អ្នកដំណើរសរុប២៦នាក់ និងបុគ្គលិកលើនាវាចំនួន៣៤នាក់នៃនាវា Viking Cruise Journey ត្រូវបានយកទៅធ្វើតេស្ត នៅព្រឹកថ្ងៃទី ១១ មីនានេះ បន្ទាប់ពីរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ដែលជិះនៅលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។ អ្នកដំណើរនិងបុគ្គលិកទាំង៥៩នាក់នេះ គឺក្រៅពីស្ត្រីជនជាតិអង់គ្លេស៥នាក់ ដែល៤នាក់កំពុងដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា និងម្នាក់ទៀតត្រូវបាននាំយកមកដាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បន្ទាប់ពីរកឃើញថា មានផ្ទុកមេរោគកូវីដ១៩៕