រដ្ឋបាលរាជធានីភ្នំពេញបង្កើត ក្រុមការងារមួយ ដើម្បី រងចាំទទួលទូរស័ព្ទHotlineពីប្រជាពលរដ្ឋ ពាក់ព័ន្ធ វីរុសកូវីដ ១៩



ភ្នំពេញ៖ ខណៈដែល វីរុសកូវីដ ១៩បាននិងកំពុងវាយឡុកធ្វើអោយមានការព្រួយបារម្ភពេញពិភពលោក និងដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នៃការរាលដាលនៃជម្ងឺនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារមួយ ដើម្បីរងចាំទទួលទូរស័ព្ទHotlineពីប្រជាពលរដ្ឋ ពាក់ព័ន្ធ វីរុសកូវីដ ១៩ ។
ក្នុងន័យនេះរដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ប្រសិនបើមានចម្ងល់ ឬបញ្ហាអ្វីទាក់ទង
នឹងវីរុសកូវីដ ១៩ (COVID-19) នោះ សូមបងប្អូនទូរស័ព្ទមក Hotline លេខ ១២៩៩ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ជូនព័ត៌មានទាំងអស់ទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មានដំណោះស្រាយ ឬចំណាត់ការបន្ត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ជាអ្នកដំណើរតាមនាវាវីគីងគ្រូសដ្យូណី (Viking Cruise Journey) នៅខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបាន លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាកាលពីរសៀលម៉ោង១៦និង៣០នាទីនៃថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។
ស្ត្រីជនជនជាតិអង់គ្លេសម្នាក់នេះមាន អាយុ ៦៥ឆ្នាំ ជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមីញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណ និងហួសទៅចូលចតប្រហែលជាម៉ោង១៦:៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។
បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងចាត់ចែងឲ្យយកស្ត្រីជនជាតិអង់គ្លេសរូបនោះ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។ ទន្ទឹមនឹងនោះ មានស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្ត្រីជនជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះ ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា ហើយអ្នកដំណើរផ្សេងទៀតសរុបចំនួន ៣០នាក់ និងបុគ្គលិកបម្រើការនាវាសរុបចំនួន ៣៤នាក់ (សរុបទាំងអស់ ៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនឲ្យចុះចេញមកលើគោក ដោយរង់ចាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាលយកសំណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
គួរបញ្ជាក់ទៀតថា មន្ទីរសុខាភិបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះក៏ បានចេញប្រកាសជូនសាធារណជនថា បុរសម្ចាស់ PassApp ដែលដឹក ជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្ត ជាលទ្ធផលគឺអវិជ្ជមាន ហើយគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈដែលជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាបបានឆ្លង ជំងឺកូវីដ១៩ ពី ជនជាតិជប៉ុនដែលផ្ទុកជំងឺកូវីដ១៩ នេះ។
ពាក់ព័ន្ធនិងករណីនេះដែរក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២០នេះដែរ នៅ ភោជនីយដ្ឋានទន្លេសាបាក់២ ក៏បានរៀបចំវេទិកាពិភាក្សាស្តីពី អ្នកសារព័ត៌មាន ចំពោះមុខ covid-19 នេះផងដែរ ខណៈដែលបច្ចុប្បន្ននេះ ព័ត៌មានទាក់ទងនឹង covid -19នេះ បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺព័ត៌មានក្លែងក្លាយ ឬមិនច្បាស់លាស់ទាក់ទងនឹង covid -19ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងបង្កការភ័យខ្លាច។ ដូច្នេះហើយ ក្លឹបអ្នកកាសែតកម្ពុជា
រៀបចំវេទិកាពិភាក្សាជាមួយ អ្នកសារព័ត៌មានដើម្បីទទួលបានព័ត៌មានពិត មកផ្សព្វផ្សាយជូនដល់សាធារណជន ក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ covid -19និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ៕