ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម​ចម្ការកៅស៊ូ​វៀតណាម ដែលមាន​កៅស៊ូ​រាប់ម៉ឺន​ហិកតា នៅ​កម្ពុជា រើស​កម្មករ​រាប់ម៉ឺន​នាក់ ទៅ​បម្រើ​ការងារ​

273

 

​ភ្នំពេញ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សំដែង​នូវ​ការពេញចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​ការចូលរួម ក្នុងការ​បណ្តាក់​ទុនវិនិយោគ​របស់​វៀតណាម លើ​គ្រប់​វិស័យ នៅ​កម្ពុជា ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម ដូចជា​ដំណាំ​កៅស៊ូ​ជាដើម​។

​ថ្លែង​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេង ឫទ្ធី ប្រធាន​សមាគម​ចំការកៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា អមដោយ​ក្លឹប​អ្នក​ធុរកិច្ច​វៀតណាម​ប្រចាំ​កម្ពុជា ធនាគារ​កសិកម្ម​វៀតណាម (AGRI Bank) តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សម្ព័ន្ធ​ក្រុមហ៊ុន​ថា​ឌី​វៀតណាម នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា អ្នក​ធុរកិច្ច និង​វិនិយោគិន​វៀតណាម នៅតែ​បន្ត​ការបណ្តាក់ទុន និង​ផ្តល់ឱកាស​ការងារ​ជូន​បងប្អូន កម្មករនិយោជិត​កម្ពុ​ជា បើទោះជា​ប្រទេស​យើង​ទាំងពីរ កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​

​តំណាង​ឲ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​ដ៏​ធំ​នៅ​កម្ពុជា លោក​ឧកញ៉ា ឡេង ឫទ្ធី បាន​ថ្លែងថា លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួយ​សម្រួល និង​គាំទ្រ​ដល់​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​។ នាឱកាស​នោះ លោក​ឧកញ៉ា ឡេង ឫទ្ធី បាន​លើកឡើងថា បច្ចុប្បន្ន សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ សម្ព័ន្ធ​ថា​ឌី វៀតណាម និង​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​នៅ​កម្ពុជា ដែលជា​ដៃគូ​មាន​ចម្ការកៅស៊ូ​ប្រមាណ​ជាង ២​ម៉ឺន​ហិកតា នៅ​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម ឆ្នាំ​២០២០-២០២១ មាន​ជាង​១​សែន​៥​ពាន់​នាក់ ហើយ​សម្រាប់​ការងារ​បន្ទាន់ ក្រុមហ៊ុន​ត្រូវការ​កម្លាំង​ពលកម្ម​ភ្លាមៗ​ប្រមាណ ៩០០០​នាក់​។​

​លោក​ថា បច្ចុប្បន្ន អ្នក​ដែល​ធ្វើការ​ក្នុង​ចម្ការកៅស៊ូ​ទាំងនោះ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត ៨០​ម៉ឺន​រៀល សម្រាប់​អ្នកជៀ​ជ័រ អាច​រកចំណូលបាន​ចាប់ពី ១​លាន​រៀល ទៅ​១​លាន​៥​សែន​រៀល ហើយ​បងប្អូន​កម្មករ​មា​នក​ន្លែ​ង​ស្នាក់នៅ​សមរម្យ មិនបាច់​ចំណាយ​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​សំណើ​របស់​ភាគី​វៀតណាម ដោយបាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​ចុះទៅ​ផ្សព្វផ្សាយ និង​ជ្រើសរើស​កម្លាំង​ពលកម្ម ទៅតាម​មូលដ្ឋាន ឬ​កម្លាំង​ពលកម្ម ដែល​បងប្អូន​យើង​បាត់បង់​ការងារ ដោយសារតែ​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន មិនអាច​ដំណើរ​ការងារ បាន​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង ពី​កម្លាំង​ពលកម្ម ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន សរុប​ទាំងអស់ ១០​លាន​នាក់ ក្នុងនោះ​វិស័យ​កសិកម្ម​មាន ៤​លាន​នាក់ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​មាន ១,៥​លាន​នាក់ វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន ២,៤​លាន​នាក់ ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស មាន​ជាង ១,២​លាន​នាក់ និង​មន្ត្រីរាជការ​មាន ៥​សែន​នាក់ ដែល​ទាំងនេះ ជា​ប្រភព​ដែល​យើង​អាច​ចល័ត​កម្លាំង​ពលកម្ម ទៅតាម​តម្រូវការ​នៃ​វិស័យ​។​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បានស្នើ​ដល់​ខាង​សមាគម ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែលមាន​មជ្ឈមណ្ឌល​ការងារ​ចំនួន ១២​ខេត្ត រួម​នឹង​មណ្ឌល​ការងារ​ការងារ​ចល័ត​ផងដែរ នោះ​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​ផ្ទាល់​តែម្តង ដល់​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ដោយ​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរខេត្ត អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ចុះឈ្មោះ​បម្រើ​ការងារ​នៅ​សមាគម​ចម្ការកៅស៊ូ​វៀតណាម ។​

​ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ឲ្យ​សមាគម​នេះ គិតគូរ​បន្ថែមទៀត ក្នុងការ​ផ្តល់នូវ​គោលនយោបាយ​ពិសេស ដើម្បី​ផ្តល់​ការទាក់ទាញ​ដល់​បងប្អូន​កម្មករ ទៅ​បម្រើ​ការងារ​នៅ​ទីនោះ ទាំង​ប្រាក់បៀវត្សរ៍​សមរម្យ អត្ថប្រយោជន៍​ផ្សេងៗ កន្លែង​ស្នាក់នៅ សាលារៀន ផ្សារ សេវា​សុខភាព ។​ល​៕​

អត្ថបទដែលជាប់ទាក់ទង