ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យ លើកលែងទោស​ដល់​ទណ្ឌិត ម្តាយ​កីឡាប្រដាល់​អេ ភូ​ថង

98

 

​ភ្នំពេញ​៖ ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ លើកលែងទោស​ដល់​ទណ្ឌិត​ជា​ស្ត្រី​ឈ្មោះ អ៊ុត អន ហៅ​អាត អុន ម្តាយ​កីឡាប្រដាល់​ខ្មែរ អេ ភូ​ថង ដែល​កំពុងមាន​ជំងឺមហារីក​ក្បាល​ធ្ងន់ធ្ងរ ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ ។ ម្តាយ​កីឡាប្រដាល់​ខ្មែរ អេ ភូ​ថង ត្រូវ​ផ្តន្ទាទោស ឲ្យ​ពន្ធនាគារ ករណី​ជួញដូរ​មនុស្ស​សម្រាប់​ឆ្លងដែន ។​

​ការចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​នេះ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ទូលថ្វាយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រោម​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​បើតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រោម​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា ថ្ងៃនេះ​ទណ្ឌិត​ជា​ស្ត្រី​ឈ្មោះ អ៊ុត អន ដែល​កំពុងមាន​ជំងឺមហារីក​ក្បាល​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ ទទួលបាន​នូវ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​៖ តាមរយៈ​ការស្នើសុំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គស​មក កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើសុំ​ដោយផ្ទាល់​ទៅ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់នូវ​ការលើកលែងទោស ដល់​ស្ត្រី​មួយរូប​ឈ្មោះ អ៊ុត អន អាយុ ៥៨​ឆ្នាំ ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ម​២ ផ្អែកលើ​គោលការណ៍​មនុស្សធម៌ ដោយ​ស្ត្រី​រូបនេះ បច្ចុប្បន្ន​កំពុងមាន​ជំងឺមហារីក​ក្បាល​ធ្ងន់ធ្ងរ ដំណាក់កាល​ចុងក្រោយ​។​

​តាមរយៈ​ការចុះពិនិត្យ និង​ជួប​ផ្ទាល់ ជាមួយ​ស្ត្រី​រូបនេះ នៅ​មណ្ឌល​អប់រំ​កែ​ប្រ​ទី​២ ម​២ ក្រុមការងារ គស​មក សង្កេតឃើញថា ស្ថានភាព​ជំងឺ​របស់​ស្ត្រី​ជាប់ឃុំ​រូបនេះ ពិតជា​ធ្ងន់ធ្ងរ ដូច​ការលើកឡើង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​នាគារ​មែន ហើយ​ករណី​ស្ត្រី​នេះ ក៏មាន​សាលដីការ​សា្ថ​ពរ ចេញ​ដោយ​សាលាឧទ្ធរណ៍​រួចហើយ​ដែរ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ ផ្តន្ទាទោស ៨​ឆ្នាំ ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​បាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២ មក​ម្លះ ដូច្នេះ​ការអនុវត្ត​ទោស ក្នុង​ពន្ធនាគារ នៅសល់​ប្រហែលជា​៣​ខែ​ទៀត​ប៉ុណ្ណោះ ដោយ​គិតពី​ថ្ងៃ​ឃុំខ្លួន​។​

​ការស្នើ​ត្រង់​ដោយផ្ទាល់​ទៅ​សម្តេច​តេ​ជោ ក្នុងករណីនេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​ស្ត្រី​ជាប់ឃុំ​រូបនេះ ឆាប់​បាន​ចេញពី​ពន្ធនាគារ និង​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​សាច់ញាតិ សម្រាប់​ពេលវេលា​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់គាត់​។​
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សូម​ថ្លែង​អំណរ​អរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ម​២ ដែល​បាន​ផ្តល់នូវ​កិច្ចសហការ​ក្នុង​កិច្ច​អន្តរាគមន៍ ផ្នែក​មនុស្សធម៌​នេះ​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​សូម​គោរព​ថ្លែងអំណរគុណ ជា​អនេក​ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​កាយវិការ និង​ទឹកចិត្ត​មនុស្សធម៌ ដែលជា​មហាករុណា​ទិ​គុណ ដ៏​ជ្រាលជ្រៅ​បំផុត​រក​អ្វី​ប្រៀបប្រដូច​ពុំបាន ដែល​សម្តេច តែងតែមាន​ចំពោះ​ជន​គ្រប់រូប និង​ជាពិសេស​ការយកចិត្តទុកដាក់ និង​គាំទ្រ​ដោយផ្ទាល់​របស់​សម្តេច ដល់​ការងារ​និង​បេសកកម្ម របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​បុព្វហេតុ​លើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង