ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជទ្រព្យចំនួន៣០ម៉ឺនដុល្លារ សម្រាប់ចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គស្តេចសព្វព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន៣០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។
បើតាមផេកហ្វេសប៊ុកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះចៅក្រុងកម្ពុជាធិបតី នៅថ្ងៃទី១៩ខែមីនានេះថា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច)ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។
ប្រភពដដែល បានលើកឡើងថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឬទ័យ ចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ២០០.០០០(ពីររយពាន់ដុល្លាសហរដ្ឋអាមេរិច)ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។ លោក ម៉ម ប៊ុនហេង តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអ៊ុល បានទូលសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំអរព្រះគុណជាអនេកថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជនូវព្រះរាជព្រះទ្រព្យ ដើម្បីចូលរួមរំលែកការលំបាករាជរដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋខ្មែរ កំពុងជួបការលំបាក ដោយសារជំងឺកូវីដ១៩នេះ។ គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់៕