បច្ចុប្បន្នភាព នៃការរីករាលដាល វីរុសកូវីដ១៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញរបាយការណ៍ពីបច្ចុប្បន្នភាពនៃការរីករាលដាលវីរុសកូវីដ១៩ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ ក្នុងស្ថានភាពប្រទេសកម្ពុជា គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី ១៩ មីនា ២០២០ ករណីវិជ្ជមានវីរុសជំងឺ COVID-19ទាំងអស់ចំនួន៤៧នាក់(ស្រី២នាក់) , ៤៤ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ ជាមួយប្តីពីរនាក់ មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន COVID-19។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចេញប្រកាសព័ត៌មានថា ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៏ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត – ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖ ១) ដូរតៃកុងរថយន្តនៅតំបន់ស ២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង ៣) ដូរកុងតឺន័រ ៤) អនុញ្ញាតឲ្យដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine)។
សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះ បានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ៕