ផ្លូវបេតុងចូលវត្តកំពង់ក្ដុលនៅក្នុងសង្កាត់សាក់សំពៅ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរបាននិងកំពុងស្ថាបនាឡើងវិញហើយ
ភ្នំពេញ៖ កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម
ចូលវត្តកំពង់ក្ដុលក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលទទួលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុននោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកចុះពិនិត្យមើលជាក់ស្តែងកាលពីថ្ងៃទី២៦ កក្កដា ២០១៨នេះ។
មន្ត្ថ្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលផ្លូវបេតុងចូលវត្តរនតៈតេជៈ ហៅវត្តកំពង់ក្ដុល ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុលឡើងវិញជាបន្ទាន់ហើយ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គួរបញ្លាក់ផងដែរថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ពន្ធ័ អាជ្ញាធរដែនដីនារសៀលថ្ងៃទី២១ កក្កដា និងព្រឹកថ្ងៃទី២៦ កក្កដា២០១៨នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែងនៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់។ ក្នុងនោះសង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺ
សង្កាត់សាក់សំពៅ មាន០៦ភូមិ ៤៥៤គ្រួសារ មនុស្សចំនួន២០៤៩នាក់ និងធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានទទួលរងការខូចខាតធ្ងន់ធ្ងរផងដែរ ។
ជាក់ស្តែង កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម
ចូលវត្តកំពង់ក្ដុលក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលទទួលរងបាក់ស្រុតធ្ងន់ធ្ងរដោយទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះនោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ពោលគឺ បន្ទាប់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលជាក់ស្តែងកាលពីប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះ៕