ជនជាតិចិន ចំនួន១៧៤នាក់ មកក្រុងបាវិត ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩
ខេត្តស្វាយរៀង៖ មានជនជាតិចិនចំនួន១៧៤នាក់ ក្នុងនោះស្រីចំនួន៣៧នាក់ ដែលបានធ្វើដំណើរ តាមរថយន្តក្រុង មកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ខេត្តស្វាយរៀងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន។
ក្រុមសមត្ថកិច្ច នៃអធិការដ្ឋាននគបាលក្រុងបាវិត បានសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិត បានធ្វើការឃាត់ខ្លួន និងអញ្ជើញជនជាតិចិនទាំងអស់នោះ មកដាក់នៅអគារ របស់កងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក។
ទាក់ទិនករណីខាលលើនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ គឺមានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិច តាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូ ក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅ ក្នុងសណ្ឋាគារ និងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូ មិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបលោកសហការ ជាមួយនគបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នគរបាលក្រុងបាវិត និងកងរាជអាវុធហត្ថក្រុង និងខេត្ត បានចុះទៅឃាត់ និងបញ្ជូនជនជាតិចិនទាំងនោះ មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ សាកសួរ និងឲ្យមន្ត្រីសុខាភិបាល ពិនិត្យនិងបានធ្វើចត្តាឡីស័ក រហូតដល់រសៀលថ្ងៃដដែលនេះ ពុំទាន់រកឃើញមានមុខសញ្ញា គួរឲ្យសង្ស័យករណីវីរុសកូវីដ១៩ទេ។
ចំពោះលទ្ធផលយ៉ាងណានោះ អ្នកយកព័ត៌មានគេហទំព័រ CEN មិនទាន់ទទួលបានជាផ្លូវការនោះទេ ដោយសមត្ថកិច្ច មិនអនុញ្ញាតឲ្យចូលសម្ភាសន៍ ឬថតផ្តិតយករូបភាពជនជាតិចិន ឬសមត្ថកិច្ច នៅខាងក្នុងអគារសាលាក្រុង និងទីតាំងទាំងបីនោះទេ ដោយដាក់ខ្សែព័ទ្ធជុំវិញបរិវេណទីតាំងទាំងបីចម្ងាយ៣០ម៉ែត្រពីរបង។ ដោយសមត្ថកិច្ចកំពុងដាក់ជនជាតិចិនទាំងនេះ រហូតដល់ម៉ោង១៧ល្ងាចនេះ នៅមិនទាន់សម្រេចថា យកជនជាតិចិនទាំងនោះ យកទៅដាក់នៅកន្លែងណានោះដែរ គឺឲ្យនៅដោយឡែក និងកំពុងធ្វើការសូមរង់ចាំលទ្ធផលពេលក្រោយ៕