ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​បាន​ត្រៀម​បន្ទប់​ជាង ៣.០០០ សម្រាប់​ព្យាបាល អ្នកមាន​មេរោគ​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​

59

 

​ភ្នំពេញ​៖ នៅ​ព្រឹក​មិញ ថ្ងៃទី ២៥ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ឲ្យ​បានដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​រួចស្រេច​ហើយ នូវ​បន្ទប់​សម្រាក​ព្យាបាល ជាង​៣​ពាន់​បន្ទប់ នៅ​ទូទាំងប្រទេស សម្រាប់​ពិនិត្យ និង​ព្យាបាល​ជូន បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​រួចជាស្រេច​នូវ​បន្ទប់​សណ្ឋាគារ​, សាលារៀន និង​មន្ទីរពេទ្យ​មួយចំនួន ដែលមាន​ប្រព័ន្ធ​ទឹក ភ្លើង និង​មាន​គ្រែ​រៀបចំ​រួចស្រេច​ហើយ ដែល​អាច​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ស្នាក់នៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។ នៅ​រាជធានី​ភ្នំពេញ​វិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​អគារ​មួយចំនួន​ដូចជា ១)​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ៣)​មន្ទីរពេទ្យ​នៅ​ចាក់អង្រែ ៤) ពេទ្យ​យោធារ​ដែល​នៅ​មិនទាន់​ប្រើ​នៅឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​សង្ស័យថា ខ្លួន​មាន​ឆ្លង​មេរ​រោគ​កូ​វីដ​-១៩ សូម​ទូរស័ព្ទ​មក​លេខ ១១៥ ដើម្បី​ប្រឹក្សា​យោបល់ នឹង​ទទួលបាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ព្រោះនេះ​គឺជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​បងប្អូន ដែល​ត្រូវតែ​ពិនិត្យ​សុខភាព​ខ្លួនឯង ឲ្យ​បាន​ច្បាស់​ចៀសវាង​ចម្លងរោគ​នេះ ទៅ​ប្តី​ឬ​ប្រពន្ធ​ឬ​កូនចៅ និង​ក្រុមគ្រួសារ ដែល​ចុងក្រោយ គឺ​មានតែ​ការសោកស្តាយ ។ សូម​បងប្អូន​កុំ​មានការ​ភ័យព្រួយ​បារម្ភ ហើយ​សូមកុំ​រើសអើង​គ្នា​ទៅវិញទៅមក​៕​

អត្ថបទដែលជាប់ទាក់ទង