ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមិនទៅបោះឆ្នោត បែរជាទៅជ្រលក់ដៃ ថ្នាំពណ៌ផ្សេង បន្លំថ្នាំបោះឆ្នោត នឹងមានទោស

198

ភ្នំពេញ៖លោកអភិបាលរាជធានី បានណែនាំប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា ហើយជាពិសេសប្រជាពលរដ្ឋមិនទៅបោះឆ្នោត ក៏គ្មានទោសនោះទេ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មិនត្រូវធ្វើការហាម ឬឃាត់ រារាំងប្រជាពលរដ្ឋផ្សេងទៀត មិនទៅបោះឆ្នោតនោះទេ ហើយប្រជាពលរដ្ឋដែលមិនទៅបោះឆ្នោត តែបែរជាទៅជ្រលក់ដៃថ្នាំពណ៌ផ្សេង បន្លំថ្នាំបោះឆ្នោត នឹងមានទោសទណ្ឌ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំង អភិបាលរងខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៤ខែមិថុនានេះ នៅសាលាខណ្ឌដូនពេញ។ លោក បានបញ្ជាក់ថា” ប្រជាជនមិនទៅបោះឆ្នោតមិនមានទោសទេ ប៉ុន្តែរារាំងគេមិនឲ្យទៅបោះឆ្នោត គឺមានទោស ហើយមិនទៅបោះឆ្នោតនិងបានទៅជ្រលក់ថ្នាំពណ៌ផ្សេងយកមកបន្លំថាទៅបោះឆ្នោត នឹងទទួលទោសព្រហ្មទណ្ឌ ដូច្នេះប្រជាពលរដ្ឋត្រូវយល់ឲ្យបានច្បាស់។ លោកបន្តថា ករណីនេះប្រជាពលរដ្ឋត្រូវយល់ឲ្យបានច្បាស់លាស់ ព្រោះអាជ្ញាធរបានធ្វើការផ្សព្វផ្សាយរួចរាល់អស់ហើយ”។

លោកអភិបាលបនថ្លែងថា នៅសល់តែជាង៤០ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតហើយ ហើយលោកបានណែនាំ ឲ្យប្រជាពលរដ្ឋគ្រប់រូប នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្ត។

លោកបានបន្តថា “ប្រជាជនចង់សាកអាថ្មី ស្មានថាអាថ្មីមិនចេះស៊ី កំពុងតែហេវ ដូចទើបចេញពីអាពត ។ យើងត្រូវតែដឹង កាលពីទើបចេញពីអាពត ថាជួបប្រទះអ្វីក៏ហូបដែរ ។ អីចឹង អានេះដូចគ្នា ក្រៅពីជើងតុ ជើងកៅអី ជើងទូ ស៊ីតែទាំងអស់ ស៊ីអត់រើសមុខ កុំនឹកស្មាន ហើយសម្តីល្អណាស់ ស្អាតស្អំ យុត្តិធម៌ ស្នើភាព ហើយបើស្នើភាព ចង់ចូលអាពតទៀតហើយ “។ លោកបានបញ្ជាក់ថា “ក្រុមជ្រុលនិយមមួយចំនួន មិនទាន់បានកាន់អំណាចផង មកប្រមាថលើជីវិតទៅហើយ ចុះទម្រាំបានកាន់អំណាចទៀត វាប៉ុណ្ណាទៅ ជាពិសេសប្រជាជនត្រូវយល់ឲ្យបានច្បាស់ថា ពេលបោះឆ្នោតហើយ កុំនាំគ្នាទៅទិញ សាំង ទិញអង្ករទុកឲ្យសោះ ។ លោកបន្តថា កាលពីបោះឆ្នោត ឆ្នាំ២០១៣ ប្រជាជនបោះឆ្នោតហើយ នាំគ្នាទៅផ្សារទិញអង្ករ ម្ហូបអាហារទុក ។ ម៉េចប្រជាជនធ្វើបែបនេះកើត ចំណែកនៅតាមដងផ្លូវស្ទើរតែជនពាល។ ជនពាល គឺអ្នកដែលមិនគោរពច្បាប់ អ្នកមិនគោរពច្បាប់គេហៅថាជនពាលហើយ។ មានច្បាប់ ឯណាដែលអនុញ្ញាតឲ្យមានការតវ៉ាតាមដងផ្លូវនោះ ព្រោះគេមានទីលានប្រជាធិបតេយ្យទុកសម្រាប់ឲ្យអ្នកតវ៉ា ហើយគេមិនហែក្បូនទេ ដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ហើយមានសិទ្ធិ ប៉ុន្តែកុំឲ្យសិទ្ធិរបស់យើងបំពានដល់អ្នកដទៃ ។ ចំណុចអស់ទាំងនេះយើងបានជួបប្រទះអស់ហើយ តាំងពីឆ្នាំ២០១៣ ឆ្នាំ១៩៩៨ ឆ្នាំ១៩៩៣ ជាពិសេសនៅក្នុងសង្កាត់ចតុមុខ បានជួបប្រទះញឹកញាប់ជាងគេ ហើយបន្ទាប់មក សង្កាត់វត្តភ្នំ ចុងក្រោយគេ។ ដែលកន្លងមកពួកគេបានជួបជុំគ្នា មុខរដ្ឋសភាចាស់ ហើយក្រោយពេលបោះឆ្នោតរួចហើយ ចេះតែមានរឿងអីចេះអីចុះមិនចេះចប់ ដើម្បីតថ្លៃខ្លួន និងដំឡើងថ្លៃខ្លួន។ រឿងនេះសុទ្ធរឿងចាញ់សម្បថ គេនាំគ្នាទៅស្បថនៅព្រះបរមរាជវាំង ឯឯងទៅស្បថនៅមុខអង្គរវត្ត ហើយស្បថថាបើចូលសភានឹងឲ្យរលាយ ចាញ់សម្បថខ្លួនឯង ដល់ពេលចូលសភារលាយមែន”។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងបន្ថែមថា “ដូច្នេះក្នុងនាមយើងជាអ្នកបម្រើរាស្រ្ត ដើម្បីឧត្តមភាពប្រជាជនយើង ដើម្បីការអភិវឌ្ឍប្រទេសជាតិយើង ទៅតាមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសមន្រ្តីនៅថ្នាក់ក្រោមជាតិ ត្រូវបម្រើប្រជាពលរដ្ឋ “៕

អត្ថបទដែលជាប់ទាក់ទង