សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦នា ព្រឹកនេះនឹងពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ពាក់ព័ន្ធគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម
ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំជាវិសាមញ្ញនីតិកាលទី៦នាព្រឹកថ្ងៃព្រហស្បតិ៍៣កើតខែចេត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប។
អង្គប្រជុំរដ្ឋសភាបានអនុម័តសមាសភាពលេខាធិការចំនួន៣រូបសម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ដែលមាន៖ ឯកឧត្តមយឹមលាតលោកជំទាវគង់សាឡនលោកជំទាវកុលធារិន។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦នាព្រឹកនេះនឹងពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ដូចខាងក្រោម៖
១– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ៊ិនវេសម៉ិនគ្រុបឯ.កសម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០មេហ្គាវ៉ាត់ខេត្តកោះកុង។
២– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនហានសេងខូលម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព២៦៥មេហ្គាវ៉ាត់ខេត្តឧត្តរមានជ័យ។
៣– សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនហានសេងខូលម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត៕