ម្ចាស់គណនីហ្វេសប៊ុកមួយ បង្ហោះរូបភាពជាឃ្លីបវីដេអូ ថា នៅខេត្តបាត់ដំបង ឡានទឹកបាញ់ថ្នាំសម្លាប់មេរោគ នៅតាមដងផ្លូវ
បាត់ដំបង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះLama Phone Shop បានបង្ហោះរូបភាពជាឃ្លីបវីដេអូ និងសរសេរខ្លឹមសារថា នៅខេត្តបាត់ដំបង ឡានទឹកបាញ់ថ្នាំសម្លាប់មេរោគ នៅតាមដងផ្លូវ បាញ់ប្រកបដោយបច្ចេកទេសខ្ពស់។ ការផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកបែបដូច្នេះ បន្ទាប់ពីមានកម្ពុជា កំពុងកើតមានជំងឺកូវីដ១៩ ដែលមានអ្នកផ្ទុកជំងឺជិត១០០នាក់ ហើយស្របពេលដែលរដ្ឋាភិបាលថៃ បានបិទប្រទេសក្នុងគ្រាអាសន្ន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិត និងអាជីវករមួយចំនួនធំ បាននាំគ្នាចាកចេញពីប្រទេសថៃ មកឆ្លងដែនចូលប្រទេសកំណើតវិញ បើទោះបីជាអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានបិទព្រំដែនរៀងៗខ្លួន។
ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ បានជូនដំណឹងនិងបដិសេធថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានជ្រាបថា ក្នុងប៉ុន្មានថ្ងៃនេះ បានកត់សម្គាល់ឃើញមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះLama Phone Shop បានបង្ហោះរូបភាពជាឃ្លីបវីដេអូ និងសរសេរខ្លឹមសារថា (នៅខេត្តបាត់ដំបងឡានទឹកបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូវ បាញ់ប្រកបដោយបច្ចេកទេសខ្ពស់)។
ឃ្លីបវីដេអូ ដែលមានសំឡេង និងភ្ជាប់ដោយខ្លឹមសារខាងលើ បានបង្កឲ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមួយចំនួន ពិសេសមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយនាំទៅដល់ការខូមិនជេរប្រមាថ ឬតិះដៀល ចំអកឡកឡឺយ ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដោយពាក្យសំដីអសុរស ។
ជាការពិតជាក់ស្តែង រថយន្ត(ពន្លត់អគ្គិភ័យ)មួយគ្រឿង ដែលមានរូបភាពដូចក្នុងឃ្លីបវីដេអូនេះ ជារថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញទៅបាញ់ទឹក លាងសម្អាតក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ ហើយជាមួយនោះ បានបាញ់ទឹកលាងសម្អាតដងផ្លូវមួយចំនួន ក្នុងក្រុងបាត់ដំបងផងដែរ (មិនមែនបាញ់ថ្នាំនោះទេ)។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះខ្លឹមសារ ដែលសរសេរ និងនិយាយដោយម្ចាស់គណនីហ្វេសប៊ុកខាងលើ ជាមួយនេះស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ បញ្ឈប់ជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំបង្កឲ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមួយចំនួន និងមានការខូមិនជាមតិយោបល់ ប្រមាថមាក់ងាយ ដល់អាជ្ញាធរមានសមត្ថកិច្ច។
សូមសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបនិងមេត្តាចូលរួមសហការ ដោយភាតរភាពបំផុត៕