អ.ប.ព ផ្សាយពាក្យប្តឹងចោទប្រកាន់ឈ្មោះកែវ វណ្ណឌី ទិញដីប្រជាពលរដ្ឋ មិនព្រមប្រគល់ប្រាក់គ្រប់ចំនួន តាមកិច្ចសន្យា និងយកឈ្មោះថ្នាក់ដឹកនាំ មកសំឡុតគំរាម
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានផ្សព្វផ្សាយនៅលើគេទំព័ររបស់ខ្លួន នូវពាក្យប្តឹងមួយរបស់ជនអនាមិនមួយ ដែលបានប្តឹងចោទប្រកាន់ឈ្មោះកែវ វណ្ណឌី ទិញដីប្រជាពលរដ្ឋ មិនព្រមប្រគល់ប្រាក់គ្រប់ចំនួន តាមកិច្ចសន្យា និងយកឈ្មោះថ្នាក់ដឹកនាំ មកសំឡុតគំរាមឈូសឆាយដីធ្លីថែមទៀតផង។
អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងអនាមិករបស់ប្រជាពលរដ្ឋ រស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ បានរៀបរាប់ថា ឈ្មោះកែវ វណ្ណឌី បានដឹកនាំបក្ខពួក មកទិញដីរបស់ពួកគាត់ជាច្រើនគ្រួសារ ដោយគ្រាន់តែកក់លុយបន្តិចបន្តួច រួចឲ្យប្រជាពលរដ្ឋផ្តិតមេដៃ មិនបានប្រគល់លុយគ្រប់ចំនួនទៅតាមកិច្ចសន្យានោះទេ។ នៅពេលដែលប្រជាពលរដ្ឋសួរនាំ ឈ្មោះ កែវ វណ្ណឌី បែរជាសំឡុតគំរាមពួកគាត់ ដោយប្រើឈ្មោះថ្នាក់ដឹកនាំធំៗ ថែមទៀត។
ក្រោយបានទទួលព័ត៌មានពី អ.ប.ព លោកបុរ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានប្រជុំនិងរៀបចំក្រុមការងារ បន្ទាន់ ចុះស្រាវជ្រាវករណីនេះ រួមមានថ្នាក់ដឹកនាំស្រុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ស្រុក អាជ្ញាធរ ភូមិ ឃុំកណ្តោក ហើយជាលទ្ធផលគឺមិនមានករណីឈ្មោះ កែវ វណ្ណឌី ណាមកធ្វើសកម្មភាពនៅក្នុងភូមិអំពៅព្រៃទេ។ បន្ទាប់ពីបានពិនិត្យ និងផ្ទៀងផ្ទាត់លេខទូរស័ព្ទដែលម្ចាស់បណ្តឹងផ្តល់មក ម្ចាស់ទូរស័ព្ទនោះមាន ឈ្មោះផ្សេង ហើយជាអ្នកសម្របសម្រួលទិញដីប្រជាពលរដ្ឋឲ្យក្រុមហ៊ុនឯកជន។ ចំណែកឯសកម្មភាពនៅចំណុច ៩៤ – ៩៥ របស់ឃុំ មិនមានអ្វីពាក់ព័ន្ធដល់រដ្ឋអំណាចឃុំសង្កាត់ ក៏ដូចជាមេឃុំ មេភូមិអ្វីដែរ។
អ.ប.ព សុំកោតសរសើរ និងអរគុណដល់លោក បូរ ណារ៉េត អភិបាលស្រុកដែលតែងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព៕