ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកគូទ រថយន្តដឹកផ្លែឈើ ប៉ើងជាង១០ម៉ែត្រ របួសធ្ងន់ខ្លួនឯង និងរថយន្តរួញអស់មួយកំណាត់មុខ

231

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ខណៈពេលដែល បុរសម្នាក់នេះស្រវឹងធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន ដូចហោះ រ៉េចង្កូតជ្រុលទៅបុកគូទ រថយន្តសាំយ៉ុងមួយគ្រឿង ដែលគេឈប់ចត នៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹងបណ្តាល ឲ្យប៉ើងជាង១០ម៉ែត្រនោះ។ ចំណែករថយន្តបង្ក បានរួញអស់មួយកំណាត់មុខផងដែរ។

ហេតុការណ៍នេះបានបង្កឲ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅជិតផ្សារនាគមាស តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹង​ថា​ នៅមុនពេលកើតហេតុ​ គេបានឃើញ​បុរសម្នាក់ ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក កាមរី ហាយប៊្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9325 ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមួយលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្ករ៉េចង្កូតទៅខាងស្តាំដៃ ជ្រុលទៅ បុកគូទរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សំបកឪឡឹក ជាប្រភេទរថយន្តសាំយ៉ុងដឹងផ្លែឈើ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-5517 ដែលឈប់ចតចោលនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តសាំយ៉ុងប៉ើងជិត១០ម៉ែត្រ រងការខូចខាត កំពិតផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង និងបណ្តាលឲ្យអ្នកបើកបររថយន្តបង្ក បោកក្បាលនឹងកញ្ចក់រថយន្ត បែកក្បាល ហើយត្រូវបានសាច់ញាតិ ដឹកតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តហាយប៊្រីត ព្រមចេញសំណងជួសជុល ឲ្យទៅម្ចាស់រថយន្តសាំយ៉ុង បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង