ជំងឺកូវីដ១៩ តម្រូវឲ្យបង្កើនល្បឿន នៃការប្រែក្លាយអភិបាលកិច្ចរដ្ឋ ពីប្រពន្ធបែបអាណាឡូក ទៅជាប្រព័ន្ធបែបឌីជីថល
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ជំងឺកូវីដ១៩ ក៏កំពុងតែដាក់សសម្ពាធ មកលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ របស់ជាតិផងដែរ។ ក្នុងបរិការណ៍នាំការអនុវត្តគោលការណ៍ “រក្សាចម្ងាយសង្គម” ដែលតម្រូវឲ្យបង្កើនល្បឿននៃការប្រែក្លាយអភិបាលកិច្ចរដ្ឋ ពីប្រពន្ធបែបអាណាឡូក ទៅជាប្រព័ន្ធបែបឌីជីថល ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និង ប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នាព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងប្រៃណីយ៍ និង ទូរគមនាគមន៍ ។ ឯកឧត្តម ត្រាំ អ៊ីវតឹក ត្រូវបានតែងតាំង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំណែកឯកឧត្តមជា វ៉ាន់ដេត ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ជាការពិត កិច្ចការកែទម្រង់នេះ មិនមែនជាការងារសាមញ្ញនោះទេ ប៉ុន្តែជាការកែប្រែដ៏ស៊ីជម្រៅលើរបៀបរបបធ្វើការក្នុងវិស័យសាធារណៈ ហើយគ្រប់ដណ្តប់ប្រព័ន្ធអភិបាលកិច្ចទាំងមូល។ ច្បាស់ណាស់ថា សម្រាប់រយៈពេលមធ្យម និងវែងទៅមុខ ការបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ នៅក្នុងការផ្តល់សេវាសាធារណៈ ឆាប់រហ័សនិងប្រកបដោយគុណភាព ក៏ត្រូវពឹងផ្អែកជាសំខាន់លើបច្ចេកវិជ្ជាឌីជីថល និងបច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍នេះដែរ។ ការកែទម្រង់សំដៅកសាងប្រព័ន្ធអភិបាលកិច្ចឌីជីថល ឬរដ្ឋាភិបាលឌីជីថល នឹងក្លាយជាការដ្ឋានកែទម្រង់ជាគន្លឹះ មួយទៀត បន្ថែមលើការដ្ឋានកែទម្រង់បីបូកមួយ ដែលមានស្រាប់នាពេលបច្ចុប្បន្ន។
ឯកឧត្តម បានបញ្ជាក់ថា ជាទស្សនរួមរបស់ខ្ញុំ ការកសាងរដ្ឋាភិបាលឌីជីថល ត្រូវផ្តោលលើគោលបំណងជាអាទិភាព ដ៏សំខាន់មួយ គឺការកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាតវៃ ស្អាតស្អំ លើមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ដើម្បីឲ្យរាជរដ្ឋាភិបាលអាចបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ជាស្នួល និងជាខ្នាស់ សម្រាប់ការកសាងសេដ្ឋកិច្ចឌីជីថល ។
ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល ត្រូវផ្តោតការយកចិត្តទុកដាក់ លើរបៀបវារៈ ២ជា សំខាន់ គឺទីមួយ ការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធអភិបាលកិច្ច តាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ជាឧទាហរណ៍នៅក្នុងការជំរុញកិច្ចការកែទម្រង់របស់រាជរដ្ឋាភិបាល លើគ្រប់ការដ្ឋានទាំងអស់ ឲ្យមានវឌ្ឍនភាពកាន់តែលឿន និងទីពីរ ការរៀបចំបង្កើនបរិយាកាសប្រកបដោយបរិយាប័ន្នមួយ ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល ដែលសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពរបស់អាជីវកម្មនៅក្នុងវិស័យនៃសេដ្ឋកិច្ចជាតិផង និងលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសង្គមជាតិផងដែរ៕