បុរស២នាក់ ចូលទៅចាប់សត្វទាក្នុងលូទឹកស្អុយ ឈ្លក់ទឹកស្លាប់
ភ្នំពេញ ៖ មនុស្ស២នាក់ ស្លាប់ ក្នុងលូបង្ហូរទឹកស្អុយ ដោយសារបុរសម្នាក់លូនចូលតាមចាប់ទា និងត្រី តែមិនឃើញចេញមកវិញ ក៏មានបុរសម្នាក់ទៀត លូនចូលទៅតាម បែរជាបាត់ទាំង២នាក់ មិនឃើញចេញមកវិញ អស់ជាច្រើនម៉ោង ចំណែកស្ត្រីជាប្រពន្ធ ដែលនៅអង្គុយចាំខាងក្រៅ ភ័យស្លន់ស្លោ រត់ទៅប្តឹងសមត្ថកិច្ច អាជ្ញាធរ ជួយអន្តរាគមន៍ រកវិធីកាយលូ តាមស្វែងរកពួកគេទាំង២នាក់ ។ ហេតុការណ៍ បានកើតឡើងកាលពីម៉ោង២រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅម្តុំផ្លូវរថភ្លើង ក្នុងភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មករសំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាកពីការងារ ក៏ឃើញសត្វទារត់ចូលក្នុងលូ ហើយចូលទៅតាមចាប់យកឲ្យម្ចាស់គេ។ បុរសរូបនោះ បានចាប់សត្វទាចំនួន៥ក្បាល ក៏បន្តចូលតាមរកសត្វទាបន្តទៀត ប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញ។ បន្ទាប់មក ដោយសារបាត់ខ្លួនមិនឃើញចេញមកនោះ មានបុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះ ពួកគេបានបាត់ជីវិតហើយ។
បើតាមសេចក្តីរាយការណ៍ លូនោះមានបណ្តោយប្រហែលជា ១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ។
សាកសពទាំង២នាក់ ទី១ ឈ្មោះ អៀង ចាន់អាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ឃឿន សេន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសម្នាក់ឈ្មោះ អៀង សេងអាង អាយុ៦ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ ផាន់ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានប្រពន្ធឈ្មោះ ឆា ស្រីទូច អាយ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតជាមួយគ្នា ។
តាមស្ត្រីជាប្រពន្ធរបស់សពបុរសឈ្មោះ អៀង ចាន់អាន បានឲ្យដឹងថា ច្រើនលើកមកហើយ ពួកគាត់ទំនេរពីការងារ ឆ្លៀតមករកចាប់ត្រី ត្រង់ចំណុចខាងលើ ហើយនៅរសៀលថ្ងៃទី៤ ខែមេសា នេះពួកគាត់នាំគ្នាមករកចាប់ត្រី នៅមុខមាត់លូ ដូចសព្វដង ហើយបានឃើញសត្វទា ហែលទឹកចូលទៅក្នុងលូនោះ ពេលនោះប្តីរបស់គាត់ក៏លូនចូលទៅតាម បាត់យូរពេកមិនឃើញចេញ ត្រូវបាន ជនរងគ្រោះឈ្មោះ ផាន់ សីហា លូនចូលទៅតាម ហើយក៏បាត់រហូត អស់រយៈពេលច្រើនម៉ោងតែមិនឃើញចេញទាំង២នាក់ ភ័យស្លន់ស្លោ រត់ស្រែកឲ្យអ្នកភូមិជួយ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ឲ្យជួយរកវិធីស្វែងរកជនរងគ្រោះ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា លូបង្ហូររំដោះទឹកខាងលើ មុខកាត់០,៨០ម៉ែត្រ មានទឹក ពេលដែលជនរងគ្រោះលូនចូលទៅ បាត់រហូត សមត្ថកិច្ចដាក់គ្រឿងចក្រ កាយតាមស្វែងរក រហូតដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃដដែល ទើបប្រទះឃើញជនរងគ្រោះទាំង២នាក់ឈ្លក់ទឹកស្លាប់ ប្រមាណពីមាត់លូទៅជាង២០០ម៉ែត្រ ស្រង់យកចេញ ហើយ ដឹកយកទៅតំកល់ទុកនៅវត្តក្រង់ធ្នង់ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យកោសល្យវិច័យ ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សពទាំង២នាក់ ពិតជាស្លាប់ដោយឈ្លក់ទឹកលូ និងក្នុងលូ មិនមានខ្យល់ឧកស៊ីហ្សែន ៕