ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ភារៈបម្រើឱ្យការបោះឆ្នោត បានដឹកទៅកាន់ការិយាល័យបោះឆ្នោត និងកំពុងដំឡើង

131

ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងថ្ងៃទី២៨ ខែកក្កដានេះ សម្ភារៈនានា ដែលបម្រើដល់ការបោះឆ្នោត បាននិងកំពុងបញ្ជូន ទៅកាន់ការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យ នៅទូទាំងប្រទេសកម្ពុជា ដើម្បីត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងពេលចុះត្រួតពិនិត្យសម្ភារៈការិយាល័យបោះឆ្នោត នៅវិទ្យាល័យទួលគោក នាព្រឹកថ្ងៃទី២៨ខែកក្កដានេះ លោក ឌឹម សុវណ្ណារុំ បានថ្លែងថា “ថ្ងៃនេះ យើងមកមើលការដំឡើង សម្ភារៈបោះឆ្នោត នៅគ្រប់ការិយាល័យបោះឆ្នោត ហើយសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនប្រធានការិយាល័យ រួចរាល់អស់ហើយ និងបានដំឡើងសម្ភារៈ រួចរាល់អស់ហើយផងដែរ ក្រោមការឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ ក្រុមការងារគណបក្សនយោបាយ ចំណែកសម្ភារៈដែលរក្សាទុកនៅក្នុងការិយាល័យ មានចាក់សោរត្រឹមត្រូវ និងអក្សរបិទពីលើ ហើយបើចង់បើមើលត្រូវតែមានការអនុញ្ញាត និងមានគណៈកម្មការគ្រប់គ្រងសម្ភារៈ យ៉ាងត្រឹមត្រូវ មិនឲ្យមានការខ្វះចន្លោះនោះទេ “។ លោក បានបញ្ជាក់ថា “យើងត្រូវតែមានសុទិដ្ឋិនិយម ក្នុងការងាររបស់យើង ការងារកំប៉ិចកំប៉ុក ហើយគ្មាននរណា ធ្វើល្អឥតខ្ចោះនោះទេ នៅលើលោកនេះ ប៉ុន្តែយើងនឹងខំ​ប្រឹងប្រែង ឲ្យល្អឥតខ្ចោះ ហើយអ្នកដែលដឹងថា ការងារល្អឥតខ្ចោះ ឬមិនល្អឥតខ្ចោះ គ្មាននរណាក្រៅតែអំពីប្រជាពលរដ្ឋកម្ពុជានោះទេ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អំពីការងារដ៏ត្រឹមត្រូវ ហើយយើងមានមោទនភាពធ្វើកិច្ចការងារនេះ”។

បើតាមលោក លន់ ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា នៅរាជធានីភ្នំពេញមានអ្នកបោះឆ្នោតចំនួន ៨៦៦.២៦៥នាក់ ដែលចែកចេញជា ២.១៣៨ការិយាល័យ និងត្រូវសង់រោងចំនួន ៦៤០ការិយាល័យ។ ការិយាល័យទាំង ២.១៣៨ការិយាល័យ ដាក់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមវត្តអារាម តាមទីធ្លា និងតាមផ្លូវសាធារណៈប្រមូលផ្តុំ ២៦៧ទីតាំង។ នៅមណ្ឌលភ្នំពេញមាន ១២អាសនៈ ដោយមានបេក្ខជនសរុប ៤៥៦នាក់ មកពីគណបក្ស១៩គណបក្ស។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា គឺការបោះឆ្នោតនឹងចាប់ផ្តើមនៅម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល៕

 

អត្ថបទដែលជាប់ទាក់ទង