ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិក​អាស៊ាន បានអនុម័ត​ដោយ​ចេញ​សេចក្តីថ្លែងការណ៍ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្ដីពី​ជំងឺ​កូ​វីដ​-១៩ លើ​ចំណុច​សំខាន់ៗ​ចំនួន​៨

62

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ​២០២០ នេះ ប្រទេស​សមាជិក​អាស៊ាន បាន​បើក​កិច្ចប្រជុំ​កំពូល​ពិសេស ស្តីពី​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ខ​ល​វីដេអូ (Video Conference)​។
​កិច្ចពិភាក្សា​កាលពី​ព្រឹក​មិញ​នេះ គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការចែករំលែក នៃ​ការផ្លាស់ប្ដូរ​ព័ត៌មាន និង​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក និង​យុទ្ធសាស្ត្រ ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ អំពី​ការ​ទប់ទល់​ស្ថានភាព នៃ​ការទប់ស្កាត់​ជំងឺ​កូ​វី​១៩​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ សមាជិក​អាស៊ាន​បានអនុម័ត ទៅលើ​សេចក្តីថ្លែងការណ៍ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្ដីពី​ជំងឺ​កូ​វីដ​១៩​លើ​ចំណុច​សំខាន់ៗ​ចំនួន​៨៖

១- ការបន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​លើ​សុខភាព​សាធារណៈ ជាពិសេស​ចំណាត់ការ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការពារ​ប្រជាពលរដ្ឋ​អាស៊ាន តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ការកសាង និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល នៃ​ប្រទេស​នីមួយៗ​។​

២- ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងទៀត ក្នុង​គោលដៅ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ពិសេស​អ្នក​ដែល​ធ្វើការ​ជួរមុខ ក្នុងការ​ព្យាបាល​ជំងឺ​នេះ​។​

៣- ជំរុញ​ទំនាក់​ទំនងជា​សាធារណៈ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ដោយ​ប្រើប្រាស់​យន្តការ​ផ្សេងៗ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

៤ – អាស៊ាន​មានការ​ប្ដេជ្ញាចិត្ត​ឡើងវិញ ចំពោះ​ចំណាត់ការ​រួមគ្នា និង​ការសម្របសម្រួល​គោលនយោបាយ នៅក្នុង​អាស៊ាន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ទៅលើ​សេដ្ឋកិច្ច សង្គមកិច្ច ដោយសារ​ជំងឺ​រាតត្បាត​នេះ ជាពិសេស​ដើម្បី​ថែរក្សា​ប្រជាពលរដ្ឋ​អាស៊ាន និង​រក្សា​ម៉ាក្រូសេដ្ឋកិច្ច​របស់​អាស៊ាន​។​

៥ – បន្ត​ការប្ដេជ្ញាចិត្ត​ធ្វើយ៉ាងណា​រក្សា ទីផ្សារ​អាស៊ាន ឱ្យនៅ​បើកចំហ​សម្រាប់​ពាណិជ្ជកម្ម វិនិយោគ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែមទៀត នៅក្នុង​ប្រទេស​អាស៊ាន ជាមួយ​ប្រទេស​ខាងក្រៅ​អាស៊ាន​ផងដែរ ក្នុង​គោលដៅ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ស្ថិរភាព​ការផ្គត់ផ្គង់​ស្បៀង ថ្នាំពេទ្យ​និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​។​

៦ – បន្ត​អនុវត្ត​នូវ​យន្តការ​សមស្រប​ដើម្បី​រក្សា​ជំនឿ និង​ស្ថិរភាព នៃ​សេដ្ឋកិច្ច​តំបន់ តាមរយៈ​គោលនយោបាយ របស់​ប្រទេស​សមាជិក​នីមួយៗ ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ពាណិជ្ជករ ជាពិសេស​អ្នក​ដែលមាន​ផលប៉ះពាល់ ដោយ​ជំងឺឆ្លង​កូ​វីដ​១៩​នេះ ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។​

៧ – ជាការ​លើកទឹកចិត្ត ក្នុងការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​ដៃគូ​របស់​អាស៊ាន និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​អាស៊ាន​ក៏បាន​សម្រេច​បង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

៨ – មេដឹកនាំ​អាស៊ាន​បាន​ប្ដេជ្ញាចិត្ត រក្សា​ការឯកភាព​គ្នា និង​ប្ដេជ្ញាចិត្ត​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ចូលរួម​សហការគ្នា ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដែលជា​ដៃគូ​របស់​អាស៊ាន រួមទាំង​សហគមន៍​អន្តរជាតិ ក្នុង​ការបន្ត​ទប់ស្កាត់ នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង