ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ថ្ងៃទី១ ត្រួតពិនិត្យសុខភាព កម្មកររោងចក្របានជាង ១.០០០នាក់

68

 

ភ្នំពេញ៖ ថ្ងៃទី១នៃការដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ បានត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ ក្នុងនោះ៖  យកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យជម្ពូវ័ន ទាំង ២១នាក់។ សូមបញ្ជាក់អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ។ ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ វិទ្យាល័យជម្ពូវ័ន ចំនួន ៣៨នាក់។ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។

 

ឯកឧត្តមហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានថ្លែងសារលើហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២០នេះ ថា នៅថ្ងៃនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។

 

ឯកឧត្តមហេង សួរ បានថ្លែងថា គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះ គឺដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតា ក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូន ដែលបានឈប់នោះផងដែរ។

 

ឯកឧត្តម បានបន្តថា ថ្ងៃនេះយើងរួមសហការគ្នាត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ ក្នុងនោះ៖  យកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យជម្ពូវ័ន ទាំង ២១នាក់។ (សូមបញ្ជាក់អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ)។ ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ វិទ្យាល័យជម្ពូវ័ន ចំនួន ៣៨នាក់។ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។

 

ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។

 

ម៉ោង ៧និង៤០នាទីយប់យើងបានបញ្ចប់ការងារថ្ងៃទី១ របស់យើង។ ទម្រាំរៀបសម្ភារបរិក្ខារចប់ និងទៅដល់ផ្ទះគឺប្រហែលជាម៉ោងជិត ៩យប់ ជាមិនខាន។ យើងរីករាយបំពេញការងារមនុស្សធម៌នេះ ពីព្រោះវាជាកាតព្វកិច្ចរបស់យើងម្នាក់ៗ និងដើម្បីប្រយោជន៍សុខភាព និងស្ថិរភាពសង្គមជាតិយើង។

 

ឯកឧត្តម បានបញ្ជាក់ថា “ប៉ុន្តែខ្ញុំសូមសំណូមពរដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈទាំងអស់ សូមមេត្តាចងចាំក្នុងចិត្តថា ជំងឺកូវីដ-១៩ វាមិនមែនជារឿងរបស់អ្នកតែម្នាក់ឯងនោះទេ។ អ្នកអាចក្លាយជាភ្នាក់ងារបំផ្លាញជីវិតអ្នកដទៃ ប្រសិនជាអ្នកមិនខិតខំការពារខ្លួនអ្នកកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ បើអ្នកមិនមែនជាអ្នកជំនាញ សូមអ្នកស្តាប់ការអំពាវនាវរបស់អ្នកជំនាញ និងរាជរដ្ឋាភិបាល។ បើអ្នកមិនបានជួយអ្វីដល់សង្គម សូមអ្នកកុំដាក់បន្ទុកបន្ថែមដល់សង្គម។ បើអ្នកមិនសូវសប្បាយចិត្តនឹងរងចាំអ្វីមួយនៅថ្ងៃនេះ សូមអ្នកដឹងថាអ្នកនៅជុំវិញអ្នកខ្លាចអ្នកប៉ុណ្ណាទេ? សូមអរគុណចំពោះការសហការ និងសូមអរគុណចំពោះភាពអត់ធ្មត់ ដែលអ្នកសងមកវិញនៅថ្ងៃនេះ។ នេះជាមេរៀនមួយ ដែលមិនគួរកើតមានម្តងទៀត ។ រាជរដ្ឋាភិបាល និងក្រសួង ក៏ដូចជាខ្ញុំផ្ទាល់នៅតែអានិតស្រឡាញ់បងប្អូនទាំងអស់ ដោយសារយើងជាជនរួមជាតិតែមួយ។ មានឬក្រ ល្អឬអាក្រក់យើងនៅតែជាខ្មែរ។ ខុសលើកទី១ ហើយដឹងខ្លួនគឺជារឿងនៅអាចទទួលយកបាន។ សូមជូនពរបងប្អូនខ្មែរទាំងអស់ មានសុខភាពល្អ ឈ្នះជំងឺកូវីដ-១៩គ្រប់គ្នា។ សូមអរគុណក្រុមគ្រូពេទ្យ មកពីស្ថាប័ននានា និងមន្ត្រីនៃក្រុមការងារទាំងអស់”៕

អត្ថបទដែលជាប់ទាក់ទង