ប្រធានបក្សចំនួន១៨នឹងទៅបោះឆ្នោតថ្ងៃនេះ ចំណែកប្រធានបក្សចំនួន២គ្មានសិទ្ធិបោះឆ្នោតគឺលោក ក្រវ៉ាញ ដារ៉ន លោក លន់ ឫទ្ធិ ព្រោះគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ភ្នំពេញ៖ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។ ប្រធានគណបក្សចំនួន១៨ សុទ្ធតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានប្រធានគណបក្សចំនួន២ មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នោះទេ គឺ ១៖ លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ ២៖ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ជាខ្មែអាមេរិកាំង មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ ដែលពួកគាត់មានអាសយដ្ឋាននៅអាមេរិក។
រហូតដល់ពេលនេះ តើលោកអ្នកដឹងហើយឬនៅថា ប្រធានគណបក្សនយោបាយនីមួយៗ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវបោះឆ្នោតនៅមណ្ឌលណាខ្លះ? ហើយប្រធានគណបក្សនយោបាយ ណាខ្លះដែលគ្មានឈ្មោះដើម្បីបោះឆ្នោត?
ប្រធានគណបក្សទាំង១៨ ដែលមានឈ្មោះបោះឆ្នោត ត្រូវបោះឆ្នោតក្នុងមណ្ឌលនីមួយៗ ដូចតទៅ៖
១៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតនៅសាលាគរុកោសល្យវិក្រិត្យការក្រុង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់បោះឆ្នោតនៅខេត្តកំពង់ចាម។
៣៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បោះឆ្នោតនៅសាលាបឋមសិក្សាសែសិន ក្នុងសង្កាត់សែសិន ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៤៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បោះឆ្នោតនៅសាលាបឋមសិក្សា វត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥៖ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅវិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៦៖ លោក ហួន រាជ ចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បោះឆ្នោតក្នុងវត្តស្ពឺ នៅឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
៧៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោតនៅសាលាបឋមសិក្សាចក ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
៨៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បោះឆ្នោតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៩៖ លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង បោះឆ្នោតនៅសាលាបឋមសិក្សា សុធារស ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
១០៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បោះឆ្នោតនៅសាលាសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។
១១៖ លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី បោះឆ្នោតនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
១២៖ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បោះឆ្នោតក្រោយផ្សារបាយ័ន ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
១៣៖ លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា បោះឆ្នោតនៅសាលាបឋមសិក្សាព្រះពុទ្ធនិពាន្វ ក្នុងឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
១៤៖ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បោះឆ្នោតនៅសាលាបឋមសិក្សា សុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
១៥៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បោះឆ្នោតនៅសាលាវិចិត្រសិល្បៈ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១៦៖ លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បោះឆ្នោតនៅសាលាបឋមសិក្សាអន្លង់ត្នោត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
១៧៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បោះឆ្នោតនៅខេត្តកណ្តាល។
១៨៖ លោក ប្លាង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បោះឆ្នោតនៅសាលាបឋមសិក្សា ស្រែក្លេង ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ដោយឡែក ប្រធានគណបក្សនយោបាយចំនួន២នាក់ ដែលមិនអាចបោះឆ្នោតបានរួមមាន៖
១៖ លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ
២៖ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ជាខ្មែអាមេរិកាំង មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧ ការិយាល័យ។ តាមបញ្ជីឈ្មោះចុងក្រោយរបស់ គ.ជ.ប ឆ្នាំ២០១៧ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិទី៦នេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើងប្រមាណ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ ខែកក្កដា ឆ្នាំ២០១៣៕