ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃអគ្គិសនីធ្លាក់ចុះនោះទេ
ភ្នំពេញ ៖ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃអគ្គិសនីធ្លាក់ចុះនោះទេ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម វិចទ័រ ហ្សូនា បានលើកឡើងថា ការផ្គត់ផ្គង់ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រេងដែលចូលរួមការផលិតតែ ៥ភាគរយទេ ហើយការផលិតពីវារីអគ្គិសនី គឺមាន៣៣ភាគរយ ពីធ្យូងថ្មមានបរិមាណប្រហាក់ប្រហែល៣២ភាគរយ។ ចំណែកការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ ឡាវ វៀតណាម មានប្រមាណ៣៥ភាគរយ ព្រមទាំងបានមកពីថាមពលផ្សេងទៀត គឺប្រមាណ ២ភាគរយ ។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថា ទោះជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយបើសិនជាយើងផលិតអគ្គិសនីដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើសបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុងបរិមាណ៩០ភាគរយ អ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃភ្លើងខ្ពស់ជាង ២,០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី លើសពី២,០០០រៀល នាបច្ចុប្បន្ន”។ ឯកឧត្ដមបានបន្ដថា ជាយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងពង្រីកបណ្តាញជាតិឱ្យគ្របដណ្តប់ដល់ភូមិឋានប្រជាពលរដ្ឋ នៅតាមជនបទ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ចំពោះតម្លៃអគ្គិសនីសមរម្យ ក្នុងពេលបច្ចុប្បន្ននេះ ដែលកំពុងតែទទួលបាន គឺការប្រើប្រាស់លើសពី២០០គីឡូវ៉ាត់ម៉ោង ឡើងទៅគឺមានតម្លៃ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ចំពោះការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ដែលទាំងនេះជាការគិតគូរដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ឯកឧត្ដមបានបន្ដទៀតថា កម្ពុជាបន្តធ្វើការរកស៊ីអគ្គិសនី ទៅតាមការកំណត់ថ្លៃតាមរយៈអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រសិនបើអ្នកប្រើប្រាស់ចង់បានតម្លៃអគ្គិសនី មានតម្លៃថោក ហើយអត់មាននិរន្តរភាព ហើយជឿជាក់ថា ពេលណាមួយ នឹងអស់អគ្គិសនីប្រើប្រាស់ទាំងអស់គ្នា។
ឯកឧត្ដមបានបន្ថែមថា “ក្នុងករណីផលិតថ្លៃដើម និងថ្លៃលក់ចេញអត់មានសមាមាត្រ ដែលធ្វើឱ្យអង្គភាពមួយរស់បានពេលនោះ នឹងធ្វើឱ្យការផ្គត់ផ្គង់ មានភាពរអាក់រអួល អាចនឹងបង្កឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសវាអាចបង្កឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មនានាផងដែរ”។
ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ជាគោលដៅសម្រាប់អនុវត្តន៍បន្តនៅក្នុងឆ្នាំ២០២០នេះ ក្រសួងរ៉ែ និងថាមពល មានគោលដៅក្នុងការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅឋាននានារបស់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានប្រមាន៨០ភាគរយ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានអនុភាពថាមពលសរុបចំនួន៣,៣៨២មេហ្គាវ៉ាត់ ហើយកាលពីឆ្នាំ២០១៩កន្លងទៅ មានការតភ្ជាប់បណ្តាញចែកចាយនៅតាមភូមិបាន៩២,៦៨ភាគរយក្នុងចំណោម១៤,១៦៨ភូមិនៅទូទាំងប្រទេស។ ឯកឧត្ដមបានបន្ដថា ក្រសួងបានតភ្ជាប់បណ្តាញចរន្តអគ្គិសនី និងផ្គត់ផ្គង់ដល់លំនៅឋានប្រជាពលរដ្ឋបានប្រមាណ ៧៤,៧៨ ភាគរយ។ ទន្ទឹមនេះ បច្ចុប្បន្ន មានភូមិចំនួន១៣,១៣៣ ភូមិ មានអគ្គិសនីប្រើប្រាស់ ហើយនៅសល់ភូមិចំនួន១,០៣៧ ដែលយើងនឹងបញ្ចប់គោលដៅនៅក្នុងឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វិចទ័រ ហ្សូនា។
តែទោះបីយ៉ាងនេះក្តី ឯកឧត្តមបានបន្ថែមថា យើងមានឧបសគ្គដែលយើងមិនអាចសម្រេចបាន ដោយមានប្រមាណ២៤៣ភូមិ ដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាល និងភូមិមួយចំនួនទៀតលិចទឹក ៦ខែគោក ៦ខែលិច និងជាភូមិបណ្ដែតទឹកជាដើម។ ដែលទាំងអស់នេះជាបញ្ហា និងជាឧបសគ្គក្នុងការសម្រេចបានតាមផែនការ ប៉ុន្តែយើងនៅតែព្យាយាមធ្វើយ៉ាងណាឱ្យបានជាង៩៨ភាគរយ នៃផែនការសរុប៕