សប្បុរសជន និងមន្រ្តីរាជការ បរិច្ចាគថវិកា ជូនរដ្ឋ ប្រយុទ្ធនឹងជំងឺកូវីដ ជាង១០លានដុល្លារ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ជនរួមជាតិជាទីគោរព ! ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិ របស់ប្រជាជន ដែលផ្សាភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំង
ជាមួយជំងឺឆ្លងកូវីដ១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសារជាថ្មីម្តង
ទៀតតាមរយៈការចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ សម្តេចបានថ្លែងបែបនេះ តាមរយៈផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២០។
សម្តេច បានបញ្ជាក់ថា សម្រាប់ការចូលរួមពីសប្បុរសជនដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន13.998.698ដុល្លារ។
សម្រាប់វិភាគទានស្ម័គ្រចិត្តតាមរយៈការបរិច្ចាគបៀវត្សរ៍គិតត្រឹមម៉ោង១៧ ថ្ងៃទី២៤ មេសា ២០២០ ម្សិលម៉ិញមានចំនួន
២២.០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨.៨១៤.០២៥.០០០រៀល។
សម្រាប់សកម្មភាពឆ្ពោះ ទៅជួយប្រជាជន នៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុក មកពីថៃនិងកម្មករមួយ
ចំនួនតូច ដែលទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួងស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។
សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែក ទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអានាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករកម្មការិនី
ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក
រយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិនមានកូវីដ១៩ មកតាមខ្លួនចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រសហគ្រាសនោះឡើយ។
ពិតមែនតែប្រទេសយើងមិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាល
បានជាសះស្បើយច្រើន រួចមកហើយក្តីតែបញ្ហាប្រឈមនៅធំធេងណាស់ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វីជួយដល់
អ្នកជំងឺ ឬជួយដល់គ្រូពេទ្យតែសូមកុំនាំជំងឺឱ្យគ្រូពេទ្យព្យាបាល ដែលជាការបន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋ និងជាពិសេសដល់ខ្លួនឯង និងក្រុមគ្រួសារព្រោះអ្នកជំងឺ នឹងរងគ្រោះមុនគេ។
ខឿនការពារសុខភាពរបស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕ដោយ៖កូឡាប