ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យើង​អាច​ភ្លេច​កូ​វីដ​-១៩ តែ​កូ​វីដ​ មិន​ភ្លេច​យើង​ទេ

50

 


​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា បុគ្គល​គ្រប់រូប ត្រូវ​បន្ត​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​បន្តទៀត បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ហាក់ដូចជា មាន​ភាព​ធូរស្បើយ​ខ្លះ​ក៏ដោយ​។

​លោកជំទាវ បាន​បញ្ជាក់ថា “​ត្រូវ​ចងចាំ​ថា យើង​អាច​ភ្លេច​កូ​វីដ​-១៩ តែ​កូ​វីដ​-១៩ មិន​ភ្លេច​យើង​ទេ បើ​យើង​ធ្វេសប្រហែស​”​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែង​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​លេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ​ថា​៖ យើង​មិនទាន់​អាច​បន្ធូរដៃ​បាន​នៅឡើយ​ទេ ថ្វីដ្បិតតែ​បងប្អូន​ប្រជាពលរដ្ឋ ហាក់ដូចជា​ចេញមក​ប្រក​បរបរ តាម​ជីវភាព​ប្រចាំថ្ងៃ រស់នៅ​របស់​ពួកគាត់​ពិតមែន ប៉ុន្តែ​វិធានការ​ការពារ និង​វិធានការ​នានា នៅតែមាន​សុពលភាព នៅតែ​ដាក់ចេញ​ឱ្យ​អនុវត្ត​ជា​ធរមាន នៅឡើយ​ទេ ដោយសារ​ស្ថានភាព​របស់​យើង ស្ថិតនៅក្នុង​សភាព​មួយ ដែល​ខ្ញុំ​តែងតែ​ពន្យល់​ហើយ​ថា នៅ​ផុយស្រួយ​ណាស់ ថ្វីត្បិតតែ​យើង​មិនមាន​ការរកឃើញ​នូវ​ករណី​វិជ្ជមាន​ថ្មី ហើយ​អ្នកជា​សះស្បើយ​មាន​ចំនួន​ច្រើន​ពិតមែន​។​

​លោកជំទាវ បាន​លើកឡើងថា ប៉ុន្តែ​បើ​ក្រ​ឡែក​មើលឃើញ​ប្រទេស​ជុំវិញ​យើង គឺ​ស្ថានភាព​ជំងឺ​នេះ នៅ​វាយលុក​នៅឡើយ ហើយ​បណ្ដា​ប្រទេស​នៅលើ​សកលលោក ខ្ញុំ​ប្រើពាក្យ​សាម​ញ្ញា នៅមាន​ផ្ទុះ​ខ្លាំងក្លា (​យ៉ុ​ក​យ៉ាក់​) នៅឡើយ​ដែរ​។ ស្ថានភាព​ខ្ញុំ​បាន​ធ្លាប់​ពន្យល់​ហើយ ប្រសិនបើ​យើង​មិន​បន្ត​អនុវត្ត​វិធានការ​ការពារ ដែល​យើង​ធ្លាប់​ដាក់ចេញ​កន្លងមក ជាពិសេស​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទេនោះ ស្ថានភាព​របស់​យើង​អាច​វាយលុក​ពី​វីរុស​កូ​វីដ​១៩ ឡើងវិញ​។

​លោកជំទាវ បាន​បន្ថែមថា យើង​កុំភ្លេចថា​យើង​អាច​ភ្លេច​វីរុស​កូ​វីដ​១៩ តែ​វីរុស​កូ​វីដ​១៩ មិន​ភ្លេច​យើង​ទេ ដូច្នេះ​កន្លែង​នេះ ត្រូវតែ​ចងចាំ​។ ស្ថានភាព​នេះ យើង​នឹងមាន​ការពិភាក្សាគ្នា ជា​បន្តបន្ទាប់​ទៀត ជាមួយ​អង្គការ​សុខភាព​ពិភពលោក មុន​នឹងមាន​វិធានការ​យ៉ាងណា​យ៉ាង​ណី​ទៀត​នោះ​។ អ៊ីចឹង កន្លែង​នេះ ខ្ញុំ​យល់ថា​សូម​ឲ្យ​អ្នកសារព័ត៌មាន ជួយ​ពង្រឹង និង​បន្ថែម​សារសំខាន់ៗ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​វិធានការ​ការពារ​បុគ្គល​រៀងៗ​ខ្លួន​នេះ ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​យើង​ជៀសវាង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង