អភិបាលខេត្តកំពង់ចាមបានប្រើសិទ្ធិជាប្រជាពលរដ្ឋ បោះឆ្នោតរួចហើយ ក្រោយពីឈររង់ចាំមុនបើកការិយាល័យ
ខេត្តកំពង់ចាម៖ នៅខេត្តកំពង់ចាម អ្នកមកឈររង់ចាំបោះឆ្នោតតាំងពីមុនបើកការិយាល័យក្នុងនោះក៏មានលោកគួច ចំរើន អភិបាលខេត្តកំពង់ចាម
និងលោកស្រីឈររងចាំផងដែរ។
លោកគួច ចំរើន និងលោកស្រីបោះឆ្នោតនៅការិយាល័យលេខ ០៤៩៣ ភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ដោយមកដល់ម៉ោងនេះលោកនិងលោកស្រីបានប្រើ
សិទ្ធិជាប្រជាពលរដ្ឋបោះឆ្នោតរួចហើយ ។
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺចាប់ផ្តើមបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យនិងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវធ្វើការសម្រេចចិត្តលើជោគវាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ នេះជាលើកទី០៦ហើយ ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីរៀបចំបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣មក។
នៅថ្ងៃអាទិត្យទី២៩កក្ដដានេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។ ប្រជាពលរដ្ឋ ដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។
គេឃើញម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ មានពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតចំនួន ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។
លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានរាយការណ៍អំពីចំនួនអ្នកបោះឆ្នោត គិតត្រឹមម៉ោង៩នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៖
១.អ្នកមានឈ្មោះបោះឆ្នោត៖ ៥៧៦,៥៥០ នាក់
២.អ្នកបានឈ្មោះបោះឆ្នោត៖ ៦៥,៤៨១ ស្មើនឹង ១១.៣៦%៕