ផ្នែកពុទ្ធចក្រ និងអាណាចក្ររួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅច្បារអំពៅ
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយផ្នែកអាណាចក្រក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងអប់រំផ្សព្វផ្សាយ បញ្ជ្រាប់ការយល់ដឹងអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ បានប្រគល់នូវទេយ្យវត្ថុ និងបច្ច័យជូនលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខណ្ឌ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺ COVID-19 ។
បន្ទាប់ពីទទួលបាននូវទេយ្យទាន ទេយ្យវត្ថុ និងថវិការមួយចំនួនរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌដោយកាយវិការសប្បរសធម៍ មនុស្សធម៍ ដើម្បីចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។
ទោះបីជាកម្ពុជានៅសល់ចំនួនអ្នកកំពុងព្យាបាលតែ៣នាក់ទៀតប៉ុណ្ណោះ ហើយនឹងឈានទៅជាអស់នៅពេលឆាប់ៗនេះ ។ រឿងសំខាន់ដែលយើងត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំអោយមេរោគ កូវីដ១៩ តទៅទៀត ។ សូមបន្តអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលនិក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានបញ្ជាក់ថា អំណោយជាទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួន លោកនិងយកទៅប្រើប្រាស់អោយចំទិសដៅក្នុងសកម្មភាពមនុស្សធម៍ ចន្លោះពេលដែលជំងឺ COVID-19 គំរាមកំហែងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជួយសម្រាលការលំបាកដល់ក្រុមគ្រួសារណាដែលមានជីវភាពខ្វះខាតក្រុមគ្រួសារងាយរងគ្រោះ ៕