ចៅសង្កាត់ច្បារអំពៅទី១ នាំមេភូមិចុះសាកសួរសុខទុក្ខ និងចែកម៉ាសចែកស្បៀងជូនប្រជាជននិងណែនាំប្រជាជន គិតគូមើលថែទាំសុខភាព
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២០នេះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងដោយធ្វើការអំពាវនាវក្នុងការណែនាំទៅដល់បងប្អូនប្រជាជនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅដោយសូមអោយបងប្អូនមានការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំសុខភាពអោយបានល្អប្រសើរ និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់នៃការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងបែបនេះខណៈពេលលោកចៅសង្កាត់រូបនេះដឹកនាំចៅសង្កាត់រង ស្មៀននិងមេភូមិចុះសាកសួរសុខទុក្ខនិងចែកម៉ាស និងស្បៀងជូនប្រជាជននៅតាមខ្នងផ្ទះពួកគាត់និមួយៗនិងធ្វើការផ្សព្វផ្សាយដោយស្ដីពីវិធីបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ ១៩ នៅតាមដងផ្លូវនានានៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរលោកពៅ ហួត ចៅសង្កាត់ក៏បានធ្វើការក្រើនរំលឹកទៅដល់បងប្អូនប្រជាជនអោយមានការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ចនិងការពារខ្លួនអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសង្គមជាតិយើងទាំងមូលផងដែរដោយជៀសផុតពីជម្ងឺ កូវីដ ១៩ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕