ពង្វាងចរាចរលើកំណាត់ផ្លូវលេខ៣៧១ ត្រង់ចំណុចការដ្ឋាន សាងសង់ស្ថានីយ៍បូមទឹកបឹងទំពុន
ភ្នំពេញ៖ រាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរលើកំណាត់ផ្លូវលេខ៣៧១ត្រង់ចំណុចការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងទំពុនព្រំប្រទល់ខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឲ្យបានជ្រាបថា ក្នុងផែនការដោះស្រាយទឹកជំនន់ជនលិចនៅតំបន់ភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកបឹងទំពុនបន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ម៉ែត្រ ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក៦ម៉ែត្រគូប ក្នុង១វិនាទី ដែលដំណើរការសាងសង់នេះ ឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន២ខ្សែ នៅក្រោមផ្លូវលេខ៣៧១ ។ ក្នុងន័យនេះ ការពង្វាងចរាចរត្រូវអនុវត្តដូចខាងក្រោម៖ ១) ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវលេខ២៧១ ឆ្ពោះទៅទិសស្ពានអាកាសស្ពានស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។ ២)ការធ្វើចរាចរពីទិសផ្លូវលេខ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរត្រង់តាមតម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។ ៣) ដោយសារផ្លូវពង្វាងបណ្តោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងការអនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត ទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ដល់ថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ គឺមានរយៈពេល១៥ថ្ងៃ។ ផុតកំណត់ពេលនេះការដ្ឋាន នឹងបញ្ចប់ការងារ ហើយបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕