រថយន្ដដឹកត្រីរបស់វៀតណាម បុករថយន្ដខូចចតលើផ្លូវ បណ្តាលឲ្យស្ដ្រីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់
ខេត្តកណ្ដាល៖ ស្ដ្រីម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដដឹកត្រីពីប្រទេសវៀតណាម មកលក់កម្ពុជា បុកជាមួយនឹងរថយន្ដមួយគ្រឿងខូចចតលើផ្លូវ នៅវេលាម៉ោង៤និង២៥នាទីភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ២១ ស្ថិតនៅក្នុង ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកស្អាង បានឲ្យដឹងថា៖ ស្ដ្រីរងគ្រោះស្លាប់ឈ្មោះ កាន់ ញ៉ុង អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកត្រីពីវៀតណាមមកលក់នៅកម្ពុជា ជាអ្នករួមលើរថយន្ដដឹកត្រីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-9673 បើកបរដោយឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបររថយន្ត រងរបួសធ្ងន់ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វី ធឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ព្រូរថយន្ត ។ ជនរងគ្រោះទាំង៣នាក់ បច្ចុប្បន្នស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្ដម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-8676 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា៖ នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-8676 បានខូចមកចតលើចិញ្ចើមផ្លូវជាតិលេខ២១ ដោយពុំដាក់ស្លាកសម្គាល់ត្រឹមត្រូវទេ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-9673 រថយន្ដដឹកត្រី បើកដោយល្បឿនលឿន មិនប្រយ័ត្នក៏បុករថយន្ដដែលចតលើចិញ្ចើមផ្លូវនោះពេញមួយទំហឹង បណ្ដាលឲ្យស្ដ្រីរងគ្រោះគាបជាប់នៅក្នុងរថយន្ដដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរ និងព្រូរថយន្ដ២នាក់ រងរបួសធ្ងន់ ។ ចំណែកម្ចាស់រថយន្ដដែលខូចចតលើចិញ្ចើមផ្លូវនោះ រត់បាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង ចុះធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
សន្និដ្ឋានជំហានដំបូង ៖ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3E-9673 បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ចំណែកអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ឈប់ពេលយប់ដោយមិនបានដាក់ស្លាកសញ្ញា ឬភ្លើងសញ្ញាផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឲ្យបានដឹង៕