ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​ស្នើឱ្យ​សហរដ្ឋអាមេរិក ពិចារណា​ក្នុង​ការជួយ​គាំទ្រ លើ​វិស័យ​កំពង់ផែ ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក និង​ផ្លូវដែក

116

​ភ្នំពេញ​៖ កម្ពុជា​ស្នើឱ្យ​សហរដ្ឋអាមេរិក ពិចារណា​ក្នុង​ការជួយ​គាំទ្រ​លើ​វិស័យ​កំពង់ផែ ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក និង​ផ្លូវដែក ជាពិសេស​ការ កសាង​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​នៅក្នុង​ការកសាង​ផ្លូវថ្នល់ ក្នុង​រូបភាព​ជាការ​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល ឬ​ការផ្លាស់ប្តូរ​នូវ​ក្រុម​ជំនាញការ ទស្សនកិច្ច​សិក្សា​រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ទីក្រុង Los Angeles ជាដើម​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Patrick Murphy បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​កប៉ាល់ Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​បាន​ជម្រាបសួរ​អំពី​ស្ថានភាព ទូទៅ​នៅ​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ចំពោះ​សំណើរ​របស់​ភាគី​កម្ពុជា​នេះ នឹង​ទទួល​យកទៅ​ពិចារណា ដើម្បី​ឈានទៅដល់​ការពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទាំងនេះ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា ស្ថានភាព​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ រួមទាំង​ស្ថានភាព​សេដ្ឋកិច្ច ជាពិសេស​ការធ្វើ​ចរាច​រណ៍​ដោយ​រលូន នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ទោះបីជា​មានការ​អនុវត្ត​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក ដែល​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ចំពោះ​បញ្ជាការ​នាវិក​បរទេស​ដែល​ចូលមក​កម្ពុជា និង​ចំពោះ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាមផ្លូវ​គោក​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​បញ្ចៀស​ការចម្លង​នៃ​ជំងឺ​នេះ តម្រូវឱ្យមាន​ការផ្លាស់​ប្តូរ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​នៅ​តំបន់ស​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ពិចារណា​ក្នុង​ការជួយ​គាំទ្រ​ដល់​ក្រសួង​ទៅលើ​វិស័យ​កំពង់ផែ ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក និង​ផ្លូវដែក ជាពិសេស​ការ កសាង​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​នៅក្នុង​ការកសាង​ផ្លូវថ្នល់ ក្នុង​រូបភាព​ជាការ​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល ឬ​ការផ្លាស់ប្តូរ​នូវ​ក្រុម​ជំនាញការ ទស្សនកិច្ច​សិក្សា​រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ទីក្រុង ឡូ​ស​អេ​ន​ជឺ​ឡេស (Los Angeles) ជាដើម​។ ចំពោះ​សំណើ​នេះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បានធ្វើ​ការកត់សម្គាល់ និង​ទទួល​យកទៅ​ពិចារណា ដើម្បី​ឈានទៅដល់​ការពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ទាំងនេះ​។​

​ក្នុងជំនួប​នេះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​អំពី​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​ខែ​នីមួយៗ​នៃ​ឆ្នាំនេះ​នឹង​ផ្តោតទៅលើ​ប្រធានបទ​ផ្សេងៗ​គ្នា ដូចជា​ខែមេសា និង​ឧសភា គឺជា​ខែ​សម្រាប់​បរិស្ថាន និង​សុខភាព​សាធារណៈ រីឯ​ខែកញ្ញា ត្រូវ​ផ្តោតលើ​ប្រធានបទ​ពាណិជ្ជកម្ម​និង​វិនិយោគ ដែល​នឹងមាន​ការធ្វើ​ទស្សនកិច្ច​ពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក មកកាន់ កម្ពុជា​ជាដើម​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​បានបង្ហាញ​ភាព​រីករាយ និង​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​គម្រោង​នានា នៅពេល​អនាគត ក្នុង​វិស័យ​សាធារណការ និង​ការដឹកជញ្ជូន​៕​


អត្ថបទដែលជាប់ទាក់ទង