ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ផ្អាកក្រុមហ៊ុនចំនួន២ មិនឲ្យនាំចូលជ្រូករស់ពីប្រទេសជិតខាងចូលកម្ពុជា 

215

 

ភ្នំពេញ៖ ក្រសួងកសិកម្ម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីសំណើសុំចាត់វិធានការ ទប់ស្កាត់ការផ្ទេរសិទ្ធិនាំចូលសត្វជ្រូករស់ពីប្រទេសថៃ ក្នុងគោលបំណងផ្តាច់មុខនោះ ក្រសួងបានផ្អាកការនាំចូលជ្រូករស់ជាបណ្តោះអាសន្ន របស់ក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុន ចាន់ធូ មានជ័យ និងក្រុមហ៊ុន 3-ធីអេច អេហ្រ្គី នាពេលថ្មីៗនេះ។

ក្រសួងបានបញ្ជាក់ថា ការផ្អាកក្រុមហ៊ុនទាំង២នេះ ដោយសារក្រុមហ៊ុនទាំង២បានប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត មិនព្រមរាងចាល ទោះជាសមត្ថកិច្ចជំនាញបានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាយ៉ាងណាក៏ដោយ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម បច្ចុប្បន្នក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត ឲ្យនាំចូលជ្រូករស់មានចំនួន៧ក្រុមហ៊ុន ហើយក្រសួងក៏ពុំទាន់លុបគោលការណ៍ ក្រុមហ៊ុនចាស់ៗណាមួយនៅឡើយ។

ក្រសួងកសិកម្ម បានបញ្ជាក់ថ ដើម្បីចៀសវាងការដឹកជញ្ជូនជ្រូករស់បែបអនាធិបតេយ្យ ព្រមទាំងការបង្ការហានិភ័យ នៃការឆ្លងជំងឺពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស ពិសេសក្នុងគោលបំណងយ៉ាងមុតមាំ ក្នុងការថែរក្សាសុខភាពសាធារណៈ និងគ្រប់គ្រងការនាំចូលជ្រូករស់ពីប្រទេសជិតខាង មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្រសួងបានធ្វើការណែនាំជាបន្តបន្ទាប់ ដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូលជ្រូករស់ទាំងអស់ ដោយមិនអនុញ្ញាតឲ្យលក់គោលការណ៍បន្តទៅក្រុមហ៊ុនផ្សេងឡើយ ។ ចំពោះករណីនេះ ក្រសួងនឹងពិនិត្យ និងចាត់វិធានការតាមនីតិវិធី។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងបានធ្វើបច្ចុប្បន្នភាពនៃការនាំជ្រូករស់សរុបចំនួន៧០ភាគរយ ពីគ្រប់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនាំចូលទាំងអស់ស្នើៗគ្នា ព្រមទាំងបានពង្រឹងការអនុវត្តន៍ច្បាប់ សំដៅទប់ស្កាត់ចលានសត្វខុសច្បាប់ផងដែរ។

“ហេតុដូច្នេះ ក្នុងនាមជាសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា គួរណាស់តែអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការជំរុញការចិញ្ចឹមសត្វក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការដែលកំពុងខ្វះខាត មិនគួរគាំទ្រការនាំចូលជ្រូករស់ពីប្រទេសជិតខាង មកបំផ្លាញផលិតផលក្នុងស្រុក ដែលពេលនេះ កំពុងត្រូវការគាំទ្រនិងលើកទឹកចិត្ត ជាពិសេសក្នុងសភាពដ៏តានតឹងនៃហានិភ័យបណ្តាលមកពីជំងឺកូវីដ១៩នោះទេ” ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕

 

អត្ថបទដែលជាប់ទាក់ទង