ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​៤​ខែ​ដើម​ឆ្នាំនេះ នាំចេញ​អង្ករ​បាន​ចំនួន​៣០០.២៥២​តោន​

55

​ភ្នំពេញ ៖ កម្ពុជា បាន​នាំចេញ អង្ករ​ក្រអូប​បាន ជិត ៧​ម៉ឺន​តោន នៅក្នុង​ខែមេសា ឆ្នាំ ២០២០ ហើយ​ជា​ឆ្នាំ​ដែល​នាំចេញ ខ្ពស់​ជាងគេ ក្នុង​រយៈពេល ១០​ឆ្នាំ ចុងក្រោយ​នេះដែរ​។ ប្រទេស​ចិន​ជាទី​ផ្សារ នាំមុខគេ តែ សហគមន៍​អឺរ៉ុប គឺ​នៅតែ​ជា​ចំណែក​ទីផ្សារ​ដ៏​សំខាន់ របស់​អង្ករ​កម្ពុជា​។​

​បើតាម​របាយការណ៍​ស​ង្ខេ​ប​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ប្រចាំ​ខែមេសា ២០២០ និង​បួន​ខែ​ដើមឆ្នាំ​២០២០ របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា បើទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​បាន​គំរាមកំហែង​ដល់​ការនាំចេញ​ក្ដី ការនាំចេញ​អង្ករ​របស់​កម្ពុជា បួន​ខែ​ដើមឆ្នាំ​២០២០ កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ក្នុង​រយៈពេល​១០​ឆ្នាំ​។ ការនាំចេញ​កសិផលរ​បស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅតែ​ទទួលបាន​ផល​ជា​វិជ្ជមាន ជាក់ស្ដែង​កម្ពុជា​បាន​នាំចេញ​អង្ករ​របស់ខ្លួន​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ ទៅកាន់​ទីផ្សារ​បរទេស​បាន​ប្រមាណ​៣០​ម៉ឺន​តោន​ដែល​បរិមាណ​នេះ​ស្មើនឹង​ជាង​៤៨​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​ឆ្នាំ​២០២០​។

​តាម​របាយការណ៍​នេះ​បាន​បង្ហាញថា ការនាំចេញ​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២០​នេះ មាន​ចំនួន​៣០០.២៥២​តោន គឺមាន​កំណើន​ចំនួន​៤១​ភាគរយ បើ​ធៀប​ជាមួយ​៤​ខែ ដើមឆ្នាំ​២០១៩ ដែល​នាំចេញ​បាន​ប្រមាណ​ចំនួន​ត្រឹមតែ​២១៣.៧៦៣​តោន តែប៉ុណ្ណោះ​។

​នេះ​ជា​កំណើន​មួយ ដែល​គួរ​ឲ្យ​គត់​សម្គាល់​បំផុត​របស់​កម្ពុជា ដែល​បានសម្រេច​ការនាំចេញ មាន​តួលេខ​ខ្ពស់បំផុត ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ នៃ​ការនាំចេញ​របស់​កម្ពុជា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ​២០២០ នេះ ទោះជា​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់ គិតគូរ​យ៉ាង​ហ្មត់ចត់ ចំពោះ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ផ្អាក​ការនាំចេញ “​អង្ក​រស​” មួយរយៈ​ពេល​ខ្លី​ក៏ដោយ ក៏​ការនាំចេញ អង្ករ​ក្រអូប របស់​កម្ពុជា បានសម្រេច​ជាង ៦៩ ពាន់​តោន ដែល​ផ្តល់នូវ​តម្លៃ​មួយ​យ៉ាងខ្ពស់​សម្រាប់​អាជីវករ និង​អ្នករកស៊ី​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​៕​

អត្ថបទដែលជាប់ទាក់ទង