តុលាការឃុំខ្លួនមេខ្លោង និងជនល្មើសចំនួន ១៣ នាក់រុករានទន្ទ្រានកាន់ កាប់ដីព្រៃជាច្រើនហិកតា នៅក្នុងរបៀងអភិរក្សជីវចម្រុះ ក្នុងស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ ក្រសួងបរិស្ថានបន្តអនុវត្តវិធានការច្បាប់ប្រឆាំងនឹងការរុករានឆ្ការ ដុត និងឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វទាំង ៤ របស់ខេត្តមណ្ឌលគិរី។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ នេះថាក្នុង ខែមេសាកន្លងទៅនេះ មេខ្លោង និងជនល្មើសចំនួន ១៣ នាក់ដែលជាប់ពាក់ព័ន្ធនឹងការរុករានទន្ទ្រានកាន់ កាប់ដីព្រៃជាច្រើនហិកតា នៅក្នុងរបៀងអភិរក្សជីវចម្រុះក្នុងស្រុកកោះញែក ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រកែវសីមា ត្រូវបានសាលាដំបូងខេត្តមណ្ឌល
គិរី សម្រេចចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធករណីកាប់គាស់ រុករាន ឆ្ការ ដុតនិងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានការពារដោយ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖
«គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដូរដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានឡើយ។ ក្រសួងបរិស្ថាន ក៏សូមស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងសូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទមឬរោង ការដាំដុះដំណាំ និងការអាស្រ័យលើលើដីរបស់រដ្ឋនៅក្នុង តំបន់ការពារធម្មជាតិ។ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់»។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានថ្លែងបញ្ជាក់ថា “ក្រសួងបរិស្ថានសូមបដិសេធ នូវរាល់ឯកសារពាក់ព័ន្ធ នឹងការកាន់កាប់ដីដោយខុសច្បាប់ គ្រប់ប្រភេទដូចជា ការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញលក់ដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ”។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងចំណោមជនល្មើសទាំង១៣ នាក់ដែលត្រូវបានងនុវត្តវិធានការច្បាប់ នៅក្នុងខេត្តមព្ឌលគិរី ក្នុងអំឡុងខែមេសា កន្លងទៅនេះរួមមាន៖ បុរស ៣ នាក់ ត្រូវបានសាលាដំបូង សម្រេចដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងទំហំជាង ៣៤ ហិកតា តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនសង្ស័យ ២នាក់ទៅតុលាការពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅត្រង់ចំណុចត្រពាំងទឹកល្អក់ ស្ថិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
មន្ត្រីជំនាញបរិស្ថាន បានត្រួតពិនិត្យកន្លែងកើតហេតុឃើញថា មានការកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ហើយបានវាស់វែងជាក់ស្ដែង លើផ្ទៃដីមានទំហំជិត ៧៨ ហិកតា។ មនុស្ស ៣ នាក់ផ្សេងទៀត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន
ពីបទកាប់បំផ្លាញរុក្ខជាតិ ក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានសម្រេចឃុំខ្លួនបុរស ៣ នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទទាំង ៣ នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមដាន និងស្រាវជ្រាវសកម្មភាពកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរជីមីស ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយឈានដល់ការចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន លើជនត្រូវចោទ ២ រូប ពីបទកាស់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ មនុស្សទាំង ២ នាក់ នេះជាមុខសញ្ញាមេខ្លោងដ៏សកម្ម ក្នុងការគូសវាសចែកដីរដ្ឋដោយខុសច្បាប់ នៅត្រង់ចំណុចអូរយីងខាងជើង ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ក្រុមជនល្មើសទាំងនេះ បានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកល់ ជារូបភាពផ្សេងៗគ្នា ដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្លំថាក្រុមខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះ ជាយូរឆ្នាំមកហើយ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា នៅពេលខ្លះ ក្រុមជនខិលខូចមួយចំនួន
បានប្រើប្រាស់ និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួន ឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗ ឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេង ដែលងាយនឹងលូតលាស់ ដូចជាដើមចេក ដើមស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀត បានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។ ចំពោះបញ្ហាទាំងនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ជាទង្វើខុសច្បាប់ ហើយជនដែលពាក់ព័ន្ធនឹងទង្វើនេះ ត្រូវប្រឈមមុខនឹងច្បាប់ជាដាច់ខាត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១.២៦០ នាក់ដែលមានតួនាទី ជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដីអភិរក្សសរុបប្រមាណជាង ៧,២ លានហិកតា នឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រាន កាន់កាប់ដីធ្លីដោយខុសច្បាប់ ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការ និងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី៕