ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច នៅ​ស្រុក​ចន្ទ្រា​អនុវត្ត​ច្បាប់​លើសហើយ ដល់ថ្នាក់ចាប់ វាយ​និង​ដាក់​ខ្នោះ អ្នកបើក​រ៉ឺម៉កសំពីងសំពោង

56

 

​ខេត្តស្វាយរៀង​៖ មាន​ភាពចម្រូងចម្រាស់​ប្រជាពលរដ្ឋ បាន​លើកគ្នា​បិតផ្លូវ​តវ៉ា និង​ចោទ​សមត្ថកិច្ច​ថា អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជ្រុល​ពេក​ហើយ ដោយ​ចាប់​ដាក់​ខ្នោះ​ហើយ​វាយ​លើ​រាងកាយ​អ្នកបើកបរ​រ៉ឺម៉ក ដឹក​ពូក​លក់ តាម​មូលដ្ឋាន​ម្នាក់ ធ្វើ​ឲ្យ​អ្នកស្រុក​ខឹងសម្បា​យ៉ាងខ្លាំង​។​

​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា រហូតដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​ដោះស្រាយ​បញ្ចប់រឿង ដោយ​ឲ្យ​សមត្ថកិច្ច (​ដែល​វាយ​និង​ដាក់​ខ្នោះ​អ្នកបើកបរ​រ៉ឺម៉ក​) មកសុំ​ទោស​ជា​សាធារណៈ នៅមុខ​មហាជន​បញ្ចប់​រឿង​។ រីឯ​ម្ចាស់​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម្នាក់ ក្នុងចំណោម​រ៉ឺម៉ក​៣​គ្រឿង បាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងបី​រ៉ឺម៉ក មាន​ទីលំនៅ​ឯ​ខេត្តតាកែវ នាំគ្នា​មករក​ស៊ី​ដឹក​ពូក​លក់ តាម​មូលដ្ឋាន នៅ​ខេត្តស្វាយរៀង ជាច្រើន​ខែ​មកហើយ ស្រាប់តែ​នៅ​ថ្ងៃទី​១ ឧសភា ២០២០​នេះ ក៏មាន​ច្បាប់​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ឲ្យ​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មាន​ប័ណ្ណបើកបរ គាត់​ទៅធ្វើ​ប័ណ្ណបើកបរ​មិនទាន់ ក៏​សម្រេច​សុំ​លក់​ពូក​អស់ ត្រឡប់ទៅផ្ទះ​វិញ ទើប​ធ្វើ​ប័ណ្ណបើកបរ ហើយ​នៅ​ថ្ងៃទី​២ ឧសភា ២០២០​នេះ សមត្ថកិច្ច​ចាប់​ផាកពិន័យ​១៨​ម៉ឺន​រៀល​។ គាត់​គ្មាន​ប្រា​ក់បង់ លុះដល់​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​នោះ នាំគ្នា​ចេញទៅ​ហូបបាយ​អស់ ពួកគាត់​ក៏​បើក​ម៉ូតូ​ចេញ​ដែរ ក៏ត្រូវ​សមត្ថកិច្ច​ដេញតាម និង​ចាប់វាយ​រួច​ដាក់​ខ្នោះ ចាប់​បញ្ជូនទៅ​អធិការ​ស្រុក​ចន្ទ្រា ពេលនោះ​មហាជន ក្នុងភូមិ​ឃើញ​ក៏​នាំគ្នា​មក​បិតផ្លូវ​តវ៉ា មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ពួកគាត់​យកទៅ​។​

​ទាក់ទិន​ករណីនេះ​ដែរ លោក វរសេនីយ៍ទោ សួគ៌ ធី អធិការរង ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ចន្ទ្រា បាន​មានប្រសាសន៍ថា នេះ​គឺជា​ការ​រឹតបន្តឹង នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ លោក​សួគ៌ ធី បន្តទៀតថា មូលហេតុ អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក គ្មាន​ប័ណ្ណបើកបរ និង​ដឹក​សំពីងសំពោង​ខុស​បច្ចេកទេស សមត្ថកិច្ច​បាន​ឃាត់​រ៉ឺម៉ក មក​សាកសួរ និង​ធ្វើការ​ផាកពិន័យ តាមច្បាប់ ក៏ប៉ុន្តែ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​រូបនោះ មិន​ព្រម​បង់ប្រាក់​ផាកពិន័យ ហើយ​បាន​បើក​ម៉ូតូ​រ៉ឺម៉ក​ចេញ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់ ក៏ប៉ុន្តែ​អ្នកបើកបរ​រ៉ឺម៉ក​មិន​ព្រម​ឈប់ ទើប​សមត្ថកិច្ច​យើង​បើករថយន្ត​ដេញតាម​ទាន់ នៅ​កន្លែងកើតហេតុ​ខាងលើ រួច​ឲ្យ​យក​ម៉ូតូ​រ៉ឺម៉ក​ត្រឡប់មក​កន្លែង​សមត្ថកិច្ច​ឈរជើង​វិញ តែ​អ្នកបើក​រ៉ឺម៉ក​មិន​ព្រម ទើប​មាន​ការចាប់​វាយខ្នោះ និង​មានការ​ប្រវាយប្រតប់​គ្នា កើតជា​រឿង រហូត​មាន​ប្រជាពលរដ្ឋ​នាំគ្នា មក​តវ៉ា​បិតផ្លូវ​តែម្តង​។​

​ក្រោយពី​មានការ​សម្របសម្រួល ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភោគ សាខុន ស្នងការរង​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​លោក​អភិបាលស្រុក​ចន្ទ្រា បាន​ចុះទៅ​សម្របសម្រួល ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ទាំងបី​គ្រឿង ក៏​ឈានដល់​ការព្រមព្រៀង ដោយ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក ឲ្យ​សមត្ថកិច្ច​ទាំង​៤​រូប មក​សុំទោស​រូបគាត់ ជា​សាធារណៈ នៅមុខ​មហាជន ហើយ​លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​ស្រុក​ចន្ទ្រា បានចេញ​មកសុំ​ទោស​ជា​សាធារណៈ តាម​ការទាមទារ​បស់​មហាជន ដូច្នេះ​ប្រជាពលរដ្ឋ​ក៏បាន​បំបែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​។

អត្ថបទដែលជាប់ទាក់ទង