អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅសល់ត្រឹមចំនួន២នាក់ កំពុងមានសុខភាពល្អធម្មតា ដែលត្រូវការពេលព្យាបាលវេលាយូរបន្តិច
ភ្នំពេញ៖ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ ដែលកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យខេត្ត ត្រូវបានធ្វើតេស្តចំនួនជាង ១០ ដងតែនៅតែចេញលទ្ធផលវិជ្ជមាន ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា បញ្ហាដែលអ្នកជំងឺ២នាក់ដែលនៅមិនទាន់ជាសះស្បើយ ជួនកាលវាអ្នកជំងឺខ្លះមានរោគផ្សេងទៀតផ្សំ ដូច្នេះទាមទារពេលវេលាយូរ ដែលខ្លះមានទឹកនោមផ្អែមនិងជំងឺផ្សេងៗទៀត ដែលត្រូវការពេលវេលាយូរបន្តិច ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០២០នេះ ថា៖ អ្នកជំងឺដែលសេសសល់២នាក់ហ្នឹង គឺគាត់ជាជនជាតិខ្មែរទាំងពីរ គឺម្នាក់នៅបន្ទាយមានជ័យ អាយុ៣៦ឆ្នាំ ភេទស្រី គាត់ធ្វើតេស្តប្រមាណជាង១០ដង ប៉ុន្តែនៅតែវិជ្ជមាន ប៉ុន្តែគាត់មានសុខភាពល្អទេ ដោយឡែកនៅកំពង់ឆ្នាំង វ័យចាស់អាយុ៧៥ឆ្នាំ បុរស គាត់ធ្វើដំណើរមកពីម៉ាឡេស៊ី គាត់នៅតែបន្តវិជ្ជមានបន្ត ប៉ុន្តែសុខភាពរបស់គាត់នៅតែល្អ យើងកំពុងពិគ្រោះធ្វើយ៉ាងម៉េចឱ្យគាត់ឆាប់ជា។
ឯកឧត្តមសាស្ត្រចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ឯកឧត្តមបានបញ្ជូនក្រុមគ្រូពេទ្យជំនាញនៅភ្នំពេញ ដែលមានលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ អេង ហួត ចុះទៅមើលអ្នកជំងឺកូវីដ-១៩ ភេទស្រីនៅបន្ទាយមានជ័យ និងបានបញ្ជូន វេជ្ជបណ្ឌិត ងី ម៉េង ដែលធ្វើការនៅពេទ្យសូវៀត និងក្រុមគ្រូពេទ្យជំនាញជាច្រើនរូបទៀត ដើម្បីឲ្យធ្វើការជាមួយគ្នាដើម្បីជួយគ្នាក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ទាំង២រូបដែលមិនទាន់ជាសះស្បើយ ហើយខ្ញុំលើកទឹកចិត្តថាបើអាចគ្រប់គ្រងបានអាចបន្តធ្វើការព្យាបាលនៅទីនោះ តែបើគេមិនមានអ្នកឯកទេសគ្រប់គ្រាន់ទេ យើងបញ្ជូនមកភ្នំពេញ ព្រោះយើងត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយើងឆាប់ជា។
ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមបានទំនាក់ទំនងរាល់ថ្ងៃដើម្បីតាមដានសុខភាពអ្នកទាំងពីរ ។ បញ្ហាដែលអ្នកជំងឺ២នាក់ដែលនៅមិនទាន់ជាសះស្បើយ ជួនកាលវាអ្នកជំងឺខ្លះមានរោគផ្សេងទៀតផ្សំ ដូច្នេះទាមទារពេលវេលាយូរ ដែលខ្លះមានទឹកនោមផ្អែមនិងជំងឺផ្សេងៗទៀត ដូច្នេះវាត្រូវការពេលវេលាយូរបន្តិច៕