ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​នាំ​ម្រេច​ចេញ​បាន ២.២៥១​តោន ក្នុង រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ

114


​កំពត​៖ លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បានបញ្ជាក់​ឲ្យ​ដឹង​ថ្ងៃនេះ​ថា​៖ ផលិតផល​ម្រេច​កម្ពុជា ជាពិសេស​គឺ​ម្រេច​កំពត កំពុងតែជួបប្រទះ​បញ្ហា​ទីផ្សារ​នាំចេញ នៅក្នុង​អំឡុង​ពេលដែល​មេរោគ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា កម្ពុជា​អាច​នាំចេញ​ម្រេច​បាន​២.២៥២​តោន​ដែរ នៅក្នុង​រយៈពេល ៤​ខែ​ដើម ឆ្នាំ​២០២០​នេះ ។​
យោងតាម​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​នេះ ដែល​បាន​កត់ត្រា​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រ មា​ញ់ និង​នេសាទ បានឱ្យដឹងថា ផលិតផល​ម្រេច​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​១៣ ប្រទេស ។​
​ប្រភព​ដដែល​បានឱ្យដឹងថា ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ម្រេច​ចំនួន ២.២៥២ តោន ទៅកាន់​ទីផ្សារ​នៅ​ប្រទេស​ជប៉ុន​. ប៊ែ​ល​ហ្សិ​ក​.​ហូ​ឡង់​.​បារាំង​.​អាល្លឺម៉ង់​.​ស្វី​ស​.​វៀត ណា​ម​. អាមេរិក​.​រុស្ស៊ី​.​អង់គ្លេស​.​ឥណ្ឌា​.​បេឡា​រុស និង​កូរ៉េ​។​
កាលពីពេល​ថ្មីៗ​នេះ លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ចាប់តាំងពី​មេរោគ​កូ​វីដ​១៩ រាតត្បាត​មក ទីផ្សារ ម្រេច​កំពត​ដែលជា​ទំនិញ​សម្គាល់ ភូមិសាស្ត្រ​មួយ​របស់​កម្ពុជា បាន និង​កំពុងតែ​ជួប​បញ្ហា​។​
លោក​បាន​អះអាងថា តាំងពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​មក ម្រេច​កំពត​នៅ​មិនទាន់បាន​លក់​ចេញ​នៅឡើយ​ទេ ដូច្នេះ​កសិករ​ស្តុក​ទុក ដោយ​សង្ឃឹមថា ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដែលជា​ទីផ្សារ​ធំ​សម្រាប់​ម្រេច​កំពត នឹង​វិល​ត្រឡប់មក​ដូចដើម​វិញ ។ បច្ចុប្បន្ននេះ ម្រេច​កំពត​ត្រូវបានគេទទួលស្គាល់​ទាំង​តម្លៃ និង​គុណភាព ប៉ុន្តែ​ក្រៅពី​កំពត​ក៏មាន​តំបន់​ជាច្រើន​ទៀត​កំពុង​ដាំ​ម្រេច ហើយ​ក៏មាន​ជនជាតិ​ជប៉ុន​មក​វិនិយោគ​ដាំ​ម្រេច​នៅ​ខេត្តកោះកុង ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​ផងដែរ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង