យុវជនរដ្ឋាតន្ដ្រី ក្រុងច្បារមនកំពង់ស្ពឺ ទំនងជាអត់ការងារធ្វើ បានយករូបភាពកងកម្លាំងនគរបាល ចុះអនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក មកកាត់តប្រឌិតកែច្នៃ ធ្វើឲ្យមហាជនយល់ច្រឡំ
កំពង់ស្ពឺ៖ ពាក់ព័ន្ធនឹងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បង្កើតភាព បង្កភាពចលាចលតាមរយៈការផុស នូវរូបភាពព័ត៌មានមិនពិតប្រឌិតកែច្នៃ edit photo រូបភាពកងកម្លាំងនគរបាល អនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ គឺនគរបាលខេត្តកំពង់ស្ពឺ បានកោះហៅយុវជនម្នាក់ មកអប់រំណែនាំឲ្យបញ្ឈប់ប្រព្រឹត្តតទៅទៀត ដោយយុវជនរដ្ឋាតន្ដ្រី ក្រុងច្បារមនកំពង់ស្ពឺ បានធ្វើការសុំអភ័យទោស និងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា បញ្ឈប់សកម្មភាពចែករំលែកនូវព័ត៌មានមិនពិត ជៀសវាងការភាន់ច្រឡំធ្វើឲ្យប៉ះពាល់ដល់កត្ដិយសសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង មន្ដ្រីរាជការ។
នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជន ប្រជាពលរដ្ឋដែលនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុកទាំងអស់ មេត្ដាជ្រាបថា ៖ រយៈពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួនតែងតែបង្កើតភាព បង្កភាពចលាចល តាមរយៈការផុសនូវរូបភាពព័ត៌មានមិនពិត ប្រឌិតកែច្នៃ edit photo រូបភាពកងកម្លាំងនគរបាលអនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការអនុវត្ដន៍តាមអនុក្រឹត្យលេខ ៣៩ ស្ដីពីការផាកពិន័យចំពោះអំពើល្មើសច្បាប់ចរាចរណ៍ ក្នុងនោះផងដែរ មានការប្រមាថម៉ាក់ងាយដល់ស្ថាប័នច្បាប់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាក់តែងច្បាប់ដើម្បីបម្រើការពាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុងសង្គមអោយមានលក្ខណៈសុក្រឹត្យភាព ជាសង្គមមួយប្រកបដោយកិត្ដិយស សីលធម៌ការគោរពច្បាប់ជាធំ សិទ្ធិសេរីភាព ក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនា ។
វីដេអូ ឃ្លីបខាងក្រោមនេះ ជាសក្ខីភាពបញ្ជាក់ថា ការធ្វើខុសដោយកំហុសអចេតនា ខ្វះការត្រិះរិះពិចារណា ការថ្លឹងថ្លែងមិនគ្រប់ជ្រុងជ្រោយ ដោយដឹងអំពីកំហុស យុវជនរដ្ឋាតន្ដ្រី ក្រុងច្បារមនកំពង់ស្ពឺ បានធ្វើការសុំអភ័យទោស និងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា បញ្ឈប់សកម្មភាពចែករំលែក នូវព័ត៌មានមិនពិតជៀសវាងការភាន់ច្រឡំធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង មន្ដ្រីរាជការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានលះបង់នូវកម្លាំងកាយចិត្ដ ក្នុងបុព្វហេតុស្នេហាជាតិ ប្រជាជន រក្សាភាពសុខសាន្ដ ក្រោមម្លប់ដំបូលសន្ដិភាពតែមួយ ៕