ឃាត់ខ្លួនឧត្តមសេនីយ៍ផ្កាយ ២ ក្លែងក្លាយម្នាក់ បោកលុយប្រជាពលរដ្ឋ រត់ការចូលក្របខ័ណ្ឌនគរបាលក្រសួងមហាផ្ទៃ រាប់សិបម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈជាឧត្តមសេនីយ៍ទោ ហើយកាន់កាប់ប្រើប្រាស់កាំភ្លើងខ្លីខុសច្បាប់ និងឆបោកប្រាក់ ប្រជាពលរដ្ឋជាច្រើនករណីរឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ ការឃាត់ខ្លួន ក្នុងពេលដែលជនរងគ្រោះជាច្រើននាក់ បានទារលុយរាប់សិបម៉ឺនដុល្លារឧត្តមសេនីយ៍ផ្កាយ២វិញ ប៉ុន្តែជននោះមិនព្រមប្រគល់លុយឲ្យជនរងគ្រោះវិញ ហើយថែមទាំងយកកាំភ្លើងខ្លីមកគំរាមបាញ់សម្លាប់ថែមទៀត។
បើតាមសមត្ថកិច្ច ជនសង្ស័យពាក់ព័ន្ធករណីគំរាមសម្លាប់នោះ មានឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងបន្ទាប់ពីមាន ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលចាញ់បោកជនសង្ស័យអស់ជាច្រើនម៉ឺនដុល្លារ។
ជនរងគ្រោះ បញ្ជាក់ថា ជនសង្ស័យ បានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ ទៅបញ្ចុះបញ្ចូលពួកគាត់ ឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនសង្ស័យរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕