ការកែសម្រួលប្រព័ន្ធចរាចរណ៍ ដោយកែសួនច្បារក្តាន់២ទៅជារង្វង់មូលបានឈានដល់ការស្រោចកៅស៊ូជំហានទី១ នៅចំណុចរង្វង់មូលនេះហើយ
ភ្នំពេញ ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ មកដល់ពេលនេះ ការកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការស្រោចកៅស៊ូជំហានទី១ នៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី មកដល់ពេលនេះក៏បានឈានមកដល់ជិតទីបញ្ជប់ហើយដែរ ដោយក្រុមការងារបានជីកដាក់លូរួចរាល់និងបានកិនបង្ហាប់និងស្រោចកៅស៊ូលើផ្លូវដែលជីករួចរាក់ហើយដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៦ ឧសភានេះថា គិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ ដោយកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការស្រោចកៅស៊ូជំហានទី១ នៅជុំវិញចំណុចរង្វង់មូលនេះហើយ ។ចំណែកការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)មកដល់ពេលនេះក៏បានឈានមកដល់ជិតទីបញ្ជប់ហើយដែរ ដោយក្រុមការងារបានជីកដាក់លូរួចរាល់និងបានកិនបង្ហាប់ ព្រមទាំងស្រោចកៅស៊ូជំហានទី១ លើផ្លូវដែលជីកពង្រីកនេះហើយដែរ។
គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ
រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋនិងអ្នកដំណើរចូលរួមសហការផងដែរដែលក្នុងសេចក្តីជូនដំណឹងកាលណោះបានឱ្យដឹងថា ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីររវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីស៊ីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម៖
១ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។
២ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕