ជនជាតិចិន៣នាក់ ប្លន់ចិនដូចគ្នា យកប្រាក់ជាង១១ ម៉ឺនដុល្លារ ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនជាតិចិន៣ នាក់ ដែលប្លន់ជនជាតិចិនដូចគ្នា យកលុយអស់ជាង ១១ម៉ឺនដុល្លារអាមេរិក ទៅតុលាការ ។
នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីជនជាតិចិន ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា យកអស់លុយជាង១១ម៉ឺនដុល្លារ និងសម្ភារមួយចំនួន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងតាមបង្ក្រាបបានជនដៃដល់ចំនួន៣នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅចំណុចផ្លូវព្រលានយន្ដហោះ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន៖ ទី១៖ ឈ្មោះ Shan Shiquan, ទី២៖ឈ្មោះ Wei Bingwen និងទី៣៖ឈ្មោះ Zeng Merng។
ជនសង្ស័យបានសារភាពថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រាក់ចំនួន១១ម៉ឺនដុល្លារ និងទូរស័ព្ទ៥គ្រឿង ប្រាកដមែន។
ក្រោយធ្វើសកម្មភាពប្លន់បានសម្រេចរួចហើយ ពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AW-4483 ទៅប្លុងចោលនៅខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៊ីទៅខេត្ដបន្ទាយមានជ័យ ក្នុងគោលបំណងទៅប្រទេសថៃ តែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូល ហើយពួកគេស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ទើបត្រឡប់ទៅខេត្តព្រះសីហនុវិញ។
លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ពួកគេបានធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយបន្ដដំណើរទៅខេត្តសៀមរាប ដើម្បីទៅយករថយន្ដក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕