ឃាត់ខ្លួនជនសង្ស័យម្នាក់ កាំភ្លើងខ្លីមួយដើម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានបើកប្រតិបត្តិការ បង្ត្រាបករណីជួញដូររក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ កាំភ្លើងខ្លីមួយដើម។
ស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង១០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំជំនាញ ពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន នៃស្នងការដ្ឋាន នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀន និងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ដែលមានលោកវរសេនីយ៍ទោ សុខ និមល ជានាយការិយាល័យ រួមសហការ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនី យ៍ ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បង្ក្រាបករណីជួញដូររក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន១ករណីក្នុងបទ ល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់គឺ៖ ១-ឈ្មោះ ប៊ុន សារិនកក្កដា ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICEចំនួន១ថង់ ទម្ងន់១០០,១៨ក្រាម ២-អាវុធខ្លីចំនួន១ដើមប្រើហ្គាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំនួន១គ្រឿង ៤-សៀវភៅបញ្ជីសម្រាប់ទូទាត់ចំនួន១ ៥-ដែកកេះចំនួន២ ជាសម្ភារសម្រាប់ជក់គ្រឿងញៀន។
ពេលនេះការិយាល័យជំនាញ កំពុងសាកសួរស្រាវជ្រាវ និងរៀបចំបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖កូឡាប