នៅក្នុងដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត-អូរផាល នៅតែមានព្រានព្រៃលួចដាក់អន្ទាក់ចាប់សត្វ
ឧត្តរមានជ័យ ៖ មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដើរល្បាតក៏បានប្រទះឃើញសត្វជ្រូកព្រៃមួយក្បាល កំពុងជាប់អន្ទាក់របស់ព្រានព្រៃ ។
មន្ត្រីនេះ និងព្រះសង្ឃ បានទទូចជាថ្មី ឲ្យគ្រប់គ្នាបង្កើនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃ ។
បើតាមការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅទី៥ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូផាល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត បានខិតខំបំពេញការងារចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ទាំងថ្ងៃទាំងយប់ ដែលនេះជាវីរភាព និងកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះក្រុមការងារបានចុះល្បាតតាមផែនការ គឺចំនួន ២ថ្ងៃ ដោយនៅយប់ថ្ងៃទី៥ ក្រុមការងារបានសម្រាកនៅចំណុចផ្លូវចំការស្វាយ ដើម្បីតាមដាន និងរង់ចាំឃ្លាំមើលបទល្មើសដែលអាចកើតមានឡើង ហើយលុះព្រឹកឡើង ត្រូវនឹងថ្ងៃទី៦ ខែឧសភា បានបន្តល្បាតជួបប្រទះឃើញ សត្វជ្រូកព្រៃមួយក្បាលកំពុងជាប់អន្ទាក់ របស់ជនសង្ស័យលួចដាក់ ពេលនោះក្រុមការងារបានជួយសង្គ្រោះ និងដោះលែងជ្រូកព្រៃនោះឲ្យមានសេរីភាពទៅក្នុងព្រៃធម្មជាតិវិញ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ថា៖ ដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដែលមានទំហំផ្ទៃជាង៣,៥ម៉ឺនហិកតា លើភូមិសាស្ត្រស្រុកបីគឺស្រុក អន្លង់វែង ស្រុកចុងកាល់ នឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាព្រៃឈើនិងតំបន់ការពារសត្វព្រៃដ៏ធំ និងសេសសល់តែមួយចុងក្រោយក្នុងខេត្តនេះ ។
បច្ចុប្បន្នមានមន្ត្រីឧទ្យានុរក្ស បរិស្ថាននុរក្សនិងព្រះសង្ឃសហគមន៍ព្រមទាំងកងកម្លាំង មន្ត្រីអាជ្ញាធរដែនដី និងសមាជិកសហគមន៍ (ពលរដ្ឋ) បានសហការគ្នាអភិរក្ស ។ ប៉ុន្តែ ការងារនេះដូចស្រមោលអន្ទោលតាមប្រាណ ដោយជនល្មើសហាក់ដូចជា ស្ថិតនៅពីក្រោយខ្នង ហើយឲ្យតែមានចន្លោះប្រហោង ឬធ្វេសប្រហែស ឬឆកល្វែងតែបន្តិច ពួកគេនឹងប្រព្រឹត្តល្មើសលើព្រៃឈើ និងសត្វព្រៃភ្លាមៗ ពោលគឺ ទោះជាសមត្ថកិច្ច ព្រះសង្ឃ និងសហគមន៍អប់រំ ផ្សព្វផ្សាយយ៉ាងណា ក៏ជនល្មើសមិនស្តាប់ ហើយលួចឆ្មក់ប្រព្រឹត្តល្មើសរហូត ។ ហេតុនេះសូមទទូចជាថ្មី ឲ្យគ្រប់គ្នាស្រឡាញ់ និងជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍ សេសសល់ចុងក្រោយនេះផង ។
លោកប្រធានមន្ទីរឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ឧទ្យានុរក្សក៏បានសាងសង់ រោងសម្រាប់បម្រើការអភិរក្សព្រៃ និងសត្វព្រៃនៅគោលដៅមួយចំនួន ។ ប៉ុន្តែគួរឲ្យស្តាយ បទល្មើសនៅតែកើតមាន ។
ចំណែកព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្ត និងជាប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត បានមានសង្ឃដីកាថា៖ ថ្មីៗនេះ កម្លាំងព្រះសង្ឃ និងប្រជាពលរដ្ឋចុះល្បាតព្រៃ បានជូបប្រទះនៅប្រភេទសត្វកម្រ មានសត្វប្រើសដួលងាប់់់់ និងគ្រោងឆ្អឹងសត្វទន្សោង ដោយក្រុមជនល្មើស បានប្រើប្រាស់ឧបករណ៍ អាវុធបាញ់និងដាក់់ អន្ទាក់ ឆក់ ចាប់។
ព្រះអង្គអំពាវនាវ ដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ជួយធ្វើការទប់ស្កាត់ ។ ព្រះអង្គក៏សុំបិណ្ធបាត្រអង្វរដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រព្រឹត្តបទល្មើសកន្លងមក ឱ្យទម្លាក់ចោល ហើយចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិជាមួយសហគមន៍ទាំងអស់គ្នាដើម្បីទុកជាប្រយោជន៍ ដល់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។
ព្រះតេជគុណ ប៊ុន សាលួត មានសង្ឃដីកាបន្តថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តជា ព្រៃឈើសហគមន៍ធំជាងគេ ក្នុងខេត្តឧត្តរមានជ័យ ហើយសេសសល់ ហើយសម្បូរព្រៃឈើនិងមានសត្វកម្រជាច្រើន ប្រភេទកំពុងរស់នៅ មានដូចជា សត្វទន្សោង ខ្ទីង ប្រើស ខ្លា សត្វតូច ស្វាននិងស្វាជាដើម៕